(សៀមរាប)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមដំណើរដោយមន្ត្រីរាជការនៃអង្គភាពវាយតម្លៃការផ្តល់សេវាសាធារណៈ បានចុះពិនិត្យស្នាដៃការងាររបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
ការចុះពិនិត្យស្នាដៃការងារ របស់មន្ទីពេទ្យខេត្តសៀមរាបនេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។
បន្ទាប់ពីរបាយការណ៍សង្ខេបរបស់ លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យ និងមតិស្វាគមន៍របស់ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបរួចមក លោករដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានថ្លែងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការល្អប្រសើររវាងរដ្ឋបាលខេត្ត ជាមួយមន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងការពិនិត្យ ព្យាបាល ជំងឺជូនប្រជាពលរដ្ឋ ពិសេសគឺការ ថែទាំ និងព្យាបាលអ្នកដែលបានឆ្លងមេរោគកូរ៉ូណា។
ជាក់ស្តែង គ្រូពេទ្យ ជាបុគ្គលិកសុខាភិបាលជួរមុខនៃមន្ទីរ ពេទ្យបានពិនិត្យធ្វើចត្តាឡីស័កអ្នកសង្ស័យឆ្លងមេរោគកូវីដ១៩ ចំនួន៣៧៩នាក់ និងបានព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន០៧នាក់ (០២នាក់ ជាជនជាតិ ឥណ្ឌូនេស៊ី) ឱ្យបានជាសះស្បើយជាស្ថាពរទាំងអស់គ្នា។
ក្នុងឱកាសជួបសំណេះសំណាលនោះដែរ លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ការបន្តពង្រឹងកិច្ច សហការ ល្អប្រសើរបន្ថែមទៀត រវាងរដ្ឋបាលខេត្ត អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាមួយផ្នែកសុខាភិបាល និងមន្ទីរពេទ្យ ដើម្បីពង្រីកលទ្ធផលទទួលបានកន្លងមកក្នុងការបង្ការ ទប់ស្កាត់ ពិនិត្យ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋ ពិសេសគឺត្រូវធ្វើយ៉ាងណាដើម្បីការពារសុខភាពសាធារណៈបញ្ជៀសឱ្យបាននូវ លទ្ធភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ រលកទី២ចូលក្នុងសហគមន៍។
ទន្ទឹមនោះ ត្រូវខិតខំពង្រឹងកម្លាំ ងសាមគ្គីប្រជាជន រួមគ្នាប្រយុទ្ធប្រឆាំងឱ្យឈ្នះជំងឺកូវីដ១៩ និងពុះពាររាល់ការលំបាកដើម្បីដោះស្រាយ រាល់បញ្ហាប្រឈមដែលជាផលប៉ះពាល់នៃវិបត្តិកូវីដ១៩ រួមចំណែកធ្វើឱ្យសង្គមជាតិយើងមាន ប្រក្រតីភាពជាធម្មតា ឡើងវិញឆាប់រហ័ស សំដៅរក្សា ការពារ សុខសន្តិភាព និងការអភិវឌ្ឍជារៀងដរាប៕