(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានចុះណែនាំដល់ប្រជាពលរដ្ឋ ដែលវិលត្រលប់ពីក្រៅប្រទេស ឱ្យចូលធ្វើចត្តាឡីស័កដាក់ នៅដោយឡែករយៈពេល១៤ថ្ងៃ និងថែរក្សាអនាម័យខ្លួនប្រាណឲ្យបានទៀងទាត់ ដែលជាការចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទោះបីមួយរយៈចុងក្រោយនេះ កម្ពុជាមានស្ថានភាពល្អប្រសើរក៏ដោយ។
ការថ្លែងយ៉ាងដូច្នេះរបស់លោក តូច ប៉ូលីវ៉ា ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ខណៈដែលលោកចុះជួបសំណេះសំណាលពលករនៅភូមិព្រៃរកា ឃុំឈើទាល និងភូមិត្រោកតូច ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលទើបវិលត្រលប់ពីក្រៅប្រទេសមកស្រុកកំណើតវិញ ក៏ដូចជាចុះពិនិត្យទីតាំងចត្តាឡីស័ក ដាក់ខ្លួនដាច់ដោយឡែកនៅតាមផ្ទះផងដែរ។
លោកអភិបាលរងខេត្តបាននាំផ្ដាំផ្ញើ ឱ្យមន្ត្រីជំនាញត្រូវតាមដានសុខភាពរបស់ពលករដោយផ្ទាល់ និងជាប្រចាំ ពិសេសជំរុញពួកគាត់ឲ្យធ្វើអនាម័យសម្អាតខ្លួនប្រាណ ដូចជាការលាងដៃជាមួយសាប៊ូជាប្រចាំឱ្យបានញឹកញាប់ ការហាត់ប្រាណជាដើម។
លោកបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ-ពលករឱ្យមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ៗ ក្រុមគ្រួសារចំពោះជំងឺកូវីដ១៩ និងចូលរួមទប់ស្កាត់ នូវការឆ្លងរីករាលដាលនៃជំងឺនេះ មិនត្រូវភ្លេចខ្លួននោះទេ។
លោកបានបន្តណែនាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវជំរុញការងារកសិកម្មដាំដុះបន្លែបង្ការ ចិញ្ចឹមសត្វនៅក្នុងមូលដ្ឋាន ជាពិសេសត្រូវរក្សាទុកនូវស្បៀងអាហារ ដូចជា អង្ករ អំបិល ប្រហុក ត្រី សាច់ ទុកគ្រាន់ប្រើប្រាស់ទៅថ្ងៃមុខទៀត ប្រសិនបើជំងឺកូវីដនេះនៅតែអូសបន្លាយយូរ។
លើសពីនេះ លោកអភិបាលរងខេត្តក៏បានណែនាំដល់ប្រជាពលរដ្ឋ និងអាជ្ញាធរឱ្យចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន និងបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕