(ក្រចេះ)៖ បន្ទាប់ពីប្រជុំជីវភាពបក្សប្រចាំខែរួចមក លោកស្រី ស៊ុន សាភឿន អ្នកតំណាងរាស្រ្តមណ្ឌលក្រចេះ និងជាប្រធានក្រុមការងារគណបក្ស ចុះជួយឃុំហាន់ជ័យ ស្រុកឆ្លូង បានបន្តចុះជួបសំណេះសំណាល ជាមួយគ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន១៨ គ្រួសារក្នុងឃុំហាន់ជ័យ ស្រុកឆ្លូង និងបាននាំយកគ្រឿងឧបភោគបរិភោគ ចែកជូនពួកគាត់ផងដែរ។
សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។ ក្នុងកិច្ចសំណេះសំណាលនោះ លោកស្រី ស៊ុន សាភឿន បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែរក្សាការពារខ្លួនប្រាណឱ្យបានហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកស្រីតំណាងរាស្ត្រ ក៏បានចែកជូននូវគ្រឿងឧបភោគរិភោគ ដល់គ្រួសារប្រជាពលរដ្ឋក្រីក្រទាំង ១៨ គ្រួសារខាងលើ
ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១០គីឡូក្រាម ភួយ១ សារុង១ និងក្រមា១ ព្រមទាំងបានចែកម៉ាស និងទឹកអាល់កុលលាងដៃផងដែរ។
ជាមួយគ្នានោះ អ្នកតំណាងរាស្ត្រមណ្ឌលក្រចេះរូបនេះ ក៏បានឧបត្ថម្ភថវិកាដល់រដ្ឋបាលឃុំហាន់ជ័យនូវទឹកប្រាក់សរុបជិត ១,៥០០,០០០ រៀលផងដែរ៕