(កំពង់ធំ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តនៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបណ្ដាលឱ្យមនុស្ស ២នាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលចំនួន៥នាក់ទៀត។ នេះបើតាមលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលបានថ្លែងប្រាប់ Fresh News នាថ្ងៃទី៣១ ខែឧសភានេះ។
លោកឧត្តមសេនីយ៍ទោបានថ្លែងថា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៥៖៣០នាទី នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១៩៩-២០០ ភូមិក្បិល ឃុំសាន់គរ ស្រុកកំពង់ស្វាយ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តនិងរថយន្តមមួយកើតឡើង បណ្តាលឱ្យស្លាប់មនុស្ស ២ នាក់ (ស្រីម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងក្មេងប្រុសម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ) ចំណែកអ្នកបើកបរនិងអ្នករួមដំណើរ ៥ នាក់ទៀតបានរងរបួសធ្ងន់ស្រាល។
លោកបានបន្តថា ហេតុការណ៍នេះធ្វើឱ្យខូចខាតរថយន្តចំនួន ២ គ្រឿង ក្នុងនោះរថយន្តម៉ាកកាមរីឆ្លាមពណ៌ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ 2T-4927 បើកបរដោយបុរសឈ្មោះ លី រតនៈ អាយុ៣២ឆ្នាំ នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរបួសស្រាល។
អ្នករួមដំណើរក្នុងរថយន្តពណ៌ប្រផេះនេះ រួមមាន៖
១៖ ប្រពន្ធអ្នកបើកបរឈ្មោះ ឈីវ ឆេងលាំង ភេទស្រី អាយុ៣០ឆ្នាំ នៅភ្នំពេញ (របួសធ្ងន់)។
២៖ កូនអ្នកបើកបរឈ្មោះ លី ម៉េងឈាង អាយុ២ឆ្នាំ (ស្លាប់)។
៣៖ បុរសឈ្មោះ ហ៊ូ ហេមរិន អាយុ៣៥ឆ្នាំ នៅភ្នំពេញ (របួសស្រាល)។
៤៖ ស្ត្រីឈ្មោះ សារិន សារ៉ា អាយុ៣៣ឆ្នាំ នៅភ្នំពេញ (ស្លាប់)។
៥៖ បុរសឈ្មោះ ហ៊ូ សុខរក្សា អាយុ៤ឆ្នាំ នៅភ្នំពេញ (របួសធ្ងន់)។
៦៖ ស្ត្រីឈ្មោះ ហ៊ូ សុភ័ក្រតី អាយុ៧ឆ្នាំ នៅភ្នំពេញ (របួសធ្ងន់)។
ចំណែករថយន្តមួយទៀត ម៉ាកកាមរីឆ្លាមពណ៌ទឹកមាសពាក់ផ្លាកលេខ ភ្នំពេញ 2R-8565 បើកបរដោយបុរសឈ្មោះ ឡែវ ប៊ុនថា អាយុ៤៨ឆ្នាំ នៅភូមិសែនសុខទី៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរបួសធ្ងន។ អ្នករួមដំណើររថយន្តពណ៌ទឹកមាស ឈ្មោះ ឌុក បឿន អាយុ៤១ឆ្នាំ រស់នៅនៅភូមិបឹងរការ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង បានរងរបួសធ្ងន់។
លោកស្នងការ អ៊ុក កុសល បានបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់នេះថា ដោយសារអ្នកបើកបររថយន្តឆ្លាមពណ៌ប្រផេះរេចង្កូតទៅឆ្វេង ក៏ទៅបុករថយន្តឆ្លាមពណ៌ទឹកមាស បណ្ដាលឱ្យមានគ្រោះថ្នាក់តែម្ដង។
បច្ចុប្បន្ន រថយន្តទាំង២គ្រឿងខាងលើត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករបួសបានទាំង៥នាក់ ត្រូវបានដឹកមកសង្គ្រោះនៅរាជធានីភ្នំពេញភ្លាមៗផងដែរ៕