(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់អនុសាខាកាកបាទក្រហមក្រុងបាវិត និងស្រុកចន្ទ្រា ដើម្បីទុកចែកជូនដល់ប្រជាពលរដ្ឋទីទល់ក្រជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗ។
លោកនាយឧត្តមសេនីយ៍បានថ្លែងផ្តាំផ្ញើការសួរទុក្ខពីសំណាក់សម្តេចទាំងទ្វេ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរអ្វីនោះឡើយ។
លោកនាយឧត្តមសេនីយ៍បានបន្ថែមទៀតថា បច្ចុប្បន្នជំងឺកូវីដ១៩ កំពុងរាតត្បាតពាសពេញពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ ដែលទាមទារឲ្យពលរដ្ឋទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ការទប់ស្កាត់នៃការរីករាលនៃជំងឺនេះផងដែរ។
លោកនាយឧត្តមសេនីយ៍បានស្នើដល់អាជ្ញាធរ និងអនុសាខាកាកបាទក្រហមស្រុកចន្ទ្រា និងក្រុងបាវិត ត្រូវចុះឲ្យដល់ខ្នងផ្ទះពលរដ្ឋ ដែលជួបការលំបាកខ្វះខាតពិតប្រាដក ជាពិសេសនៅគ្រាដែលពលរដ្ឋមិនសូវបានចេញពីផ្ទះ ដោយសារជំងឺកូវីដ១៩រាតត្បាត ហើយខ្វះស្បៀងអាហារ។
លោកថា អាជ្ញាធរក៏ត្រូវតែរាយការណ៍ មកអនុសាខាកាកបាទក្រហមស្រុក-ក្រុង ដើម្បីដឹកនាំក្រុមការងារនាំស្បៀងទៅចែកជូនឲ្យបានទាន់ពេលវេលា មិនត្រូវទុកពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយសារអត់អាហារនោះទេ។
សូមជម្រាបថា អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន និងលោកស្រីព្រមទាំងក្រុមការងារប្រគល់ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត និងស្រុកចន្ទ្រា ក្នុងមួយស្រុកក្រុងទទួលបានអង្ករ ១០តោន មី ១០០កេស ទឹកត្រី ១០០យូរ ទឹកស៊ីអ៉ីវ ១០០យួរ ត្រីខ ៨កេសធំ ប្រេងសាំង ១,០០០លីត្រ និងថវិកា ១១,៥០០,០០០រៀល៕