(ឧត្តរមានជ័យ)៖ លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកការងារអតីតយុទ្ធជន និងជនពិការបានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងពិនិត្យមើលការធ្វើបច្ចុប្បន្នភាព កំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រកំលុងពេលជំងឺកូវីដ១៩ របស់មន្ទីរផែនការខេត្តឧត្តរមានជ័យ នៅក្នុងមូលដ្ឋានស្រុកអន្លង់វែង។
កិច្ចការខាងលើធ្វើឡើងនាពេលថ្មីៗកន្លងមកនេះ ក្នុងនោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា ក្រោយពេលទទួលបានការណែនាំ របស់រាជរដ្ឋាភិបាល ក្រុមការងារដឹកនាំដោយមន្ត្រីក្រសួងផែនការ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ។ ជាក់ស្តែង ក្រុមការងារបាន និងកំពុងប្រឹងប្រែងចុះសម្ភាសជាមួយ ប្រជាពលរដ្ឋថែមទៀត ធ្វើយ៉ាងណាឱ្យបានចប់តាមពេលកំណត់ របស់រាជរដ្ឋាភិបាល។
នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែក ជូនប្រជាពលរដ្ឋដែលក្រីក្រខ្វះខាត និងចុះពិនិត្យជាក់ស្តែងនូវការបង្កបង្កើនផល របស់កសិករគំរូដែលបានធ្វើការដាំដំណាំដំឡូង និងត្រសក់ទទួលបានទិន្នផលខ្ពស់ ដោយដំឡូងក្នុងមួយហិកតាទទួលបាន៦០-៧០ តោន។ ជាធម្មតា ប្រជាកសិករពុំបានធ្វើតាមបច្ចេកទេស ទទួលផលក្នុងមួយហិកតាបានផលតែ២០ តោនប៉ុណ្ណោះ។
លោកទេសរដ្ឋមន្ត្រីបានអំពាវនាវ ទៅដល់កសិករក្នុងខេត្តឧត្តរមានជ័យ ត្រូវខិតខំរៀនសូត្រទៅតាមជំនាញបច្ចេកទេស ពីកសិករគំរូរបស់អតីតយុទ្ធជនរូបនេះ និងបានស្នើអាជ្ញាធរមូលដ្ឋាន ឱ្យចេះរកមន្ត្រីជំនាញមកបង្ហាត់បង្ហាញនូវបច្ចេកទេសផ្សេង សម្រាប់ការដាំដុះ និងចិញ្ចឹមសត្វដល់ប្រជាពលរដ្ឋបន្ថែមទៀត ព្រមទាំងចេះសម្របសម្រួលរកទីផ្សារសម្រាប់កសិផលជូនប្រជាពលរដ្ឋនៅពេលដាំដុះ ឬចិញ្ចឹមបាន៕