(ស្វាយរៀង)៖ បុរសម្នាក់ដែលត្រូវបានគេដឹងថា តែងតែស្រវឹងខួបរាល់ថ្ងៃ បានចងកសម្លាប់ខ្លួន នៅក្រោមស្ពានថ្មគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។
បើតាមមន្ត្រីនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ កែវ រិទ្ធី ហៅបើម អាយុ៣៩ឆ្នាំ រស់នៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា កាលពីពេល២ថ្ងៃមុន បុរសឈ្មោះ កែវ រិទ្ធី ខាងលើបានយកសំណែនយកទៅហូប ដែលប្រជាពលរដ្ឋបានសែនថ្វាយជូនលោកតាទេពយាយទេពនៅវត្តកោះជុំ សង្កាត់គយត្របែក លុះដល់ពេលយប់ឡើយ ស្រាប់តែបុរសរូបនេះរវើរវាយឃើញអ្នកស្លៀកពាក់សដេញវាយរូបគាត់ ហើយបានរត់ទៅឲ្យព្រះសង្ឃក្នុងវត្តកោះជុំខាងលើជួយ។
បើតាមប្រភពពីព្រះសង្ឃវត្តកោះជុំមានសង្ឃដីកាថា នៅពេល២ថ្ងៃមុន បុរសរងគ្រោះបានយកសំណែនរបស់អ្នកភូមិដែលសែនថ្វាយតាទេពយាយទេពនៅវត្តកោះជុំទៅហូប ស្រាប់តែនៅពេលយប់ក៏រត់មកឲ្យព្រះសង្ឃជួយពិតមែន ហើយថាមានអ្នកស្លៀកពាក់សបីបួននាក់ដេញវាយខ្លួន។ លុះដល់ព្រឹកថ្ងៃទី៣១ ខែឧសភានេះ ក៏ស្រាប់តែឮថាជនរងគ្រោះបានចងកសម្លាប់ខ្លួនក្រោមស្ពានស្លាប់បាត់ទៅហើយ។
តាមអ្នកភូមិបានឱ្យដឹងថា បុរសខាងលើគឺជាមនុស្សស្រវឹងខួបស្ទើររាល់ថ្ងៃ ខណៈក្រុមគ្រួសារបានហាមឃាត់មិនឱ្យផឹកគ្រឿងស្រវឹង ប៉ុន្តែមិនព្រមស្ដាប់ទើបបណ្ដោយតាមព្រហ្មលិខិតតែម្ដង។
ប្រភពបានបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍ពីលោកមេភូមិ កម្លាំងនគរបាល កងរាជអាវុធហត្ថក្រុង និងគ្រូពេទ្យជំនាញបានមកពិនិត្យសពធ្វើកោសល្យវិច្ច័យជិតមួយម៉ោង ហើយបានសន្និដ្ឋានថា គឺពិតជាស្លាប់ដោយសារចងកនឹងក្រណាត់ពិតប្រាកដមែន ដោយមិនមានស្នាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេ។
បច្ចុប្បន្ន សាកសពក្រោយពីពិនិត្យរួចសមត្ថកិច្ច នគរបាលក្រុងបានប្រគល់ឲក្រុមគ្រួសារធ្វើបុណ្យនៅវត្តកោះជុំតាមប្រពៃណី៕