(ស្ទឹងត្រែង)៖ រថយន្តសាំងយ៉ុងមួយគ្រឿង បានដឹកឈើខុសច្បាប់ចេញពីភូមិសាស្ត្រខេត្តរតនគិរី ឆ្លងកាត់ខេត្តស្ទឹងត្រែង ក្នុងទិសតម្រង់ចូលទៅខេត្តក្រចេះ ក៏ត្រូវកម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែង តាមដេញស្ទាក់ចាប់បាននៅលើដងផ្លូវជាតិលេខ៧ ត្រង់ចំណុចគីឡូម៉ែត្រលេខ១១ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ដោយឃាត់បានរថយន្តសាំងយ៉ុងមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-8729 បានដឹកឈើចេញពីភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ឆ្ពោះចូលមកដល់ក្រុងស្ទឹងត្រែង ក្នុងគោលដៅបន្តឆ្ពោះទៅកាន់ខេត្តក្រចេះ។ បើតាមសេចក្ដីរាយការណ៍ ម្ចាស់រថយន្តនេះត្រូវគេស្គាល់ឈ្មោះ ថាន។
ប្រភពបានឱ្យដឹងថា ក្នុងពេលតាមស្ទាក់ចាប់រថយន្តដឹកឈើនោះ ត្រូវបានតៃកុងរថយន្តនោះបន្ថែមល្បឿនយ៉ាងលឿន។ កម្លាំងនគរបាលក៏បន្តប្រដេញ តាមចាប់ពីគល់ស្ពានមេគង្គស្ទឹងត្រែង នៅលើកំណាត់ផ្លូវជាតិលេខ៩ ទើបស្ទាក់ចាប់បាននៅលើដងផ្លូវជាតិលេខ៧ ទើបស្ទាក់ចាប់បានរថយន្តដឹកឈើល្មើសច្បាប់នោះបាន។
ប្រភពបានបន្តទៀតថា នៅក្នុងសកម្មភាពបង្ក្រាបរថយន្តដឹកជញ្ជូនឈើនោះ កម្លាំងនគរបាលបានឃាត់ខ្លួនបុរស២នាក់ ដោយម្នាក់ជាតៃកុងរថយន្ត និងម្នាក់ទៀតជាព្រូរថយន្តដឹកឈើ ដែលជាអ្នកស៊ីឈ្នួលឱ្យឈ្មោះ ថាន (ម្ចាស់រថយន្ត និងជាអ្នកដឹកជញ្ជូនឈើល្មើសច្បាប់)។ ទាំងរថយន្តដឹកឈើ បុរសតៃកុង និងព្រូរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។
នាថ្ងៃទី៣១ ខែឧសភានេះ អ្នកសារព័ត៌មានជាច្រើនអង្គភាព បានព្យាយាមទំនាក់ទំនងទៅកាន់កម្លាំងសមត្ថកិច្ច ដែលចុះបង្ក្រាបរថយន្តដឹកឈើនោះ តែមិនទទួលបានការឆ្លើយតបវិញនោះទេ ដោយសួរម្នាក់ឆ្លើយឱ្យសួរតទៅម្នាក់ទៀត។ រហូតមកទល់នឹងពេលនេះ គេមិនទាន់ដឹងថា តើឈើដែលផ្ទុកនៅក្នុងរថយន្តនោះមានប៉ុន្មានម៉ែត្រគូប? រីឯបុរសស៊ីឈ្នួលតាមរថយន្តដឹកឈើទាំង២នាក់នោះ នឹងបន្តចាត់ការយ៉ាងណានៅឡើយទេ?។
តាមប្រភពពីមន្ត្រីនគរបាលខេត្តម្នាក់ បានបង្ហើបឱ្យដឹងថា បុរស២នាក់ស៊ីឈ្នួលបើករថយន្ត និងជាព្រូដើរតាមរថយន្តនោះ ត្រូវបានដោះលែងវិញហើយ ដោយម្ចាស់រថយន្តដឹកឈើ ព្រមចូលខ្លួនមកបង់ពិន័យអន្តរការតាមច្បាប់ ស្តីពីព្រៃឈើ៕