(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោក វេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ព្រមទាំងនាំយកថវិកាចំនួន ៥លានរៀល និងគ្រឿងឧបភោគ-បរិភោគ ជូនគ្រួសារសព វីរៈសិល្បករផ្នែកចម្រៀងអាយ៉ៃល្បីឈ្មោះ លោក ឈិន ឈាង ដែលបានទទួលមរណភាពនៅវេលាម៉ោង ៣ និង៤៥នាទី រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានរបស់លោក ដែលស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ លោកវេជ្ជ. អ៊ុយ សំអាត បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោក ស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ នៃសព ហើយចំពោះមរណភាពរបស់លោក ឈិន ឈាង គឺជាការបាត់បង់ ឧត្តមស្វាមី បិតា ជីតា ជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហាធម៌ ក៏ដូចជាបាត់បង់ធនធានមនុស្ស១រូប ជាមរតកមនុស្សរស់ និងជាសិល្បករពហុជំនាញសិល្បៈពោរពេញដោយទេពកោសល្យ បានបន្សល់ទុកនូវចម្រៀងអាយ៉ៃ យីកេជាច្រើន ដែលប្រជាជនខ្មែរ នៅទសវត្យ៨០ ៩០ មិនអាចបំភ្លេចសំឡេងរបស់លោកបានឡើយ។
ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ កាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមប្រោសដួងវិញ្ញាណក្ខន្ធ លោក ឈិន ឈាង បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕