(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បាននិងកំពុងធ្វើដំណើរតាមរថយន្ត ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលការកសាងផ្លូវ និងសមិទ្ធផលផ្សេងៗរបស់ខេត្តនេះ។
ក្នុងពេលធ្វើដំណើរតាមផ្លូវនេះ សម្តេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវភាគច្រើន បានគោរពច្បាប់ចរាចរណ៍ តែក៏មានបងប្អូនមួយចំនួនតូច មិនបានពាក់មួកសុវត្ថិភាពពេលបើកបរម៉ូតូនោះឡើយ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កេតឃើញទៀតថា បងប្អូនប្រជាពលរដ្ឋ មានចំនួនតិចតួចប៉ុណ្ណោះ ដែលពាក់ម៉ាស់ការពារជំងឺកូវីដ១៩ នៅពេលធ្វើដំណើរចេញក្រៅផ្ទះ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលការកសាងផ្លូវ និងសមិទ្ធផលផ្សេងទៀត នៅក្នុងខេត្តមួយនេះ។ ខ្ញុំអង្គុយខាងមុខជាមួយអ្នកបើកបរពិនិត្យឃើញថា ពលរដ្ឋយើងភាគច្រើនគោរពច្បាប់ចរាចរណ៍ តែក៏នៅមានបងប្អូនមួយចំនួនតូចជិះម៉ូតូមិនពាក់មួកសុវត្ថិភាពដែរ។ ចំណែកការពាក់ម៉ាស់ការពារកូវីត១៩ ពិនិត្យឃើញថា មានពាក់តិចតួចប៉ុណ្ណោះ»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន តែងតែអំពាវនាវជានិច្ចឲ្យបងប្អូនប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ បើកបត្រូវពាក់មួកសុវត្ថិភាព បើកបរដោយការយោគយល់គ្នា ដើម្បីធ្វើយ៉ាងកុំឲ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍។
ចំពោះជំងឺកូវីដេ១៩វិញ សម្តេចក៏តែងតែអំពាវនាវឲ្យប្រជាពលរដ្ឋ ថែរក្សាអនាម័យ ពាក់ម៉ាសពេលចេញក្រៅ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់កុល និងត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការពារជំងឺកូវីដ១៩៕