(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីប្រចាំបណ្តាប្រទេសនានា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ មុនចេញទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្តាំផ្ញើដល់ឯកអគ្គរាជទូតទំាងនោះ ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារ និងលើកតម្លៃជាតិជានិច្ច និងត្រូវពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរ និងស្អិតរមួតថែមទៀត ដើម្បីទាញយកផលប្រយោជន៍សម្រាប់ប្រទេសជាតិ។
សម្តេចប្រធានរដ្ឋសភា បានណែនាំលោក លោកស្រី ជាឯកអគ្គរាជទូតដែលទើបតែងតាំងបន្ថែមថា ត្រូវបង្ហាញ និងប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ ផ្សព្វផ្សាយឱ្យបរទេសស្គាល់កម្ពុជា ឱ្យបានច្បាស់ទាំងផ្នែកសិល្បៈ វប្បធម៌ប្រពៃណីរបស់ខ្មែរ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីអត្តសញ្ញាណរបស់ជាតិ ដែលមានវប្បធម៌ផូរផង់ តាំងពីសម័យអង្គរមក។
សម្តេចប្រធានរដ្ឋសភា ក៏បានជំរុញដល់ឯកអគ្គរាជទូតទំាងអស់ ត្រូវយកចិត្តទុកដាក់ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋខ្មែរ ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសក្នុងកាលៈទេសៈការរាតត្បាត នៃមេរោគកូវីដ១៩ ជាមួយនឹងវិធានការការពារ និងការធ្វើដំណើរ ដោយបង្កើតប្រព័ន្ធចែករំលែកព័ត៌មានឱ្យគ្នាទៅ វិញទៅមក រវាងស្ថានទូត និងប្រជាពលរដ្ឋខ្មែរ។
ឯកអគ្គរាជទូតដែលទើបតែងតំាង ដែលបានចូលសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដើម្បីទទួលបានអនុសាសន៍ណែនាំមុនចេញទៅបំពេញបេសកកម្មការទូត នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ រួមមាន៖
*ទី១៖ លោក កាន់ ផារិទ្ធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស
*ទី២៖ លោក តាន់ វុដ្ឋា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋស៊ែប៊ី
*ទី៣៖ លោក មាស គឹមហេង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី
*ទី៤៖ លោក កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង
*ទី៥៖ លោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
*ទី៦៖ លោក សៀង ប៊ុនវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
*ទី៧៖ លោកស្រី ផែន សាវនី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
*ទី៨៖ លោក អ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី
*ទី៩៖ លោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសឹង្ហបូរី។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តាំថា លោក លោកស្រី ដែលជាតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា នៅលើឆាកអន្តរជាតិនេះ ត្រូវធ្វើការពន្យល់ឱ្យបានច្បាស់លាស់ ចំពោះទង្វើបំភ័ន្តមតិឯមហាជន អំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សរបស់កម្ពុជា ដែលមតិអគតិខាងក្រៅ តែងតែបំផ្លើសការពិត ក្នុងគោលបំណងបន្តុះបង្អាប់ និងគៀបសង្កត់ មកលើរាជរដ្ឋាភិបាល ពិសេសត្រូវចុះស្វែងយល់សុខទុក្ខ និងក្តាប់ព័ត៌មានឱ្យបានច្បាស់លាស់ ជាក់ស្តែងអំពីប្រជាពលរដ្ឋ សិស្ស-និស្សិត និងពលករខ្មែរ ដែលកំពុងរស់ក្រៅប្រទេស។
សម្តេចបានលើកឡើងថា ក្នុងកាលៈទេសៈបច្ចុប្បន្ន បច្ចេកវិទ្យាព័ត៌មានវិវឌ្ឍន៍យ៉ាងឆាប់រហ័យ និងសភាពការណ៍តំបន់ និងពិភពលោកប្រែប្រួលឥតឈប់ឈរនេះ ឯកអគ្គរាជទូត ត្រូវមានភាពអន្តរសកម្មជានិច្ច ដោយត្រូវក្តាប់ឱ្យបានច្បាស់នូវសភាពការណ៍ និងព័ត៌មាន ជាពិសេស ព័ត៌មានពីអគតិខាងក្រៅ ដែលតែងតែបំផ្លើសការពិត ក្នុងគោលបំណងបន្តុះបង្អាប់វាយប្រហារ និងគៀបសង្កត់ជាតិ ហើយត្រូវបង្ករលក្ខណៈងាយស្រួលលើ សេវាកម្មនានា របស់ស្ថានទូតលើកកម្ពស់ សុខុមាលភាព និងការពារផលប្រយោជន៍របស់ពួកគាត់ ហើយត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេសដទៃទៀត ប្រចាំនៅប្រទេសដែលឯកឧត្តម លោកជំទាវ ជាតំណាងនៅទីនោះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាលោក លោកស្រីទាំងអស់ នឹងប្រតិបត្តិតួនាទីរបស់ខ្លួន បានល្អជានិច្ច សក្តិសមជាឯកអគ្គរាជទូត ដែលរាជរដ្ឋាភិបាលបានផ្តល់នូវទំនុកចិត្ត និងសូមជូនពរលោក លោកស្រីទាំងអស់ មានសុខភាពល្អ និងទទួលបានជោគ ជ័យក្នុងបេសកកម្មការទូត ដើម្បីឧត្តមប្រយោជន៍ជាតិ៕