(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងសម្ថកិច្ចនគបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានបញ្ជូនខ្លួនក្រុមចោរប្លន់ជើងចាស់ចំនួន ០៣នាក់ និងជនសង្ស័យចំនួន ២នាក់ទៀតពាក់ព័ន្ធបទចែកចាយ និងជួញដូរគ្រឿងញៀនខុសច្បាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់។

លោក អេង សោភា ប្រធានការិយាល័យពហ្មទណ្ឌកំរិតធ្ងន់ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញា ឱ្យដឹងថា កម្លាំងស្នងការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះបង្ក្រាបក្រុមចោរប្លន់បានចំនួន ៥នាក់ ក្នុងនោះមាន៣នាក់ ជាមុខសញ្ញាប្លន់ជាច្រើនករណី និងជនសង្ស័យ២នាក់ទៀត ពាក់ព័ន្ធនឹងបទល្មើសជួញដូរ និងរក្សារទុកនូវគ្រឿងញៀនដោយខុសច្បាប់។

លោក អេង សោភា បានបញ្ជាក់បន្ថែមទៀតថា សកម្មភាពរួមគ្នាបង្ក្រាបចោរប្លន់វ័យចំណាស់ៗ ដែលប្រកបដោយជំនាញប្លន់នេះ បានចាប់ធ្វើឡើងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦៖៣០នាទី នៅចំណុចមុខផ្ទះលេខ៣៩២ ផ្លូវលេខ ៣៦៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីប្លន់កាបូបប្រាក់របស់ឈ្មោះ ហេង លី ភេទស្រី អាយុ៤៥ឆ្នាំ បង្កដោយជនសង្ស័យ០៣នាក់។

រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់។

ជនសង្ស័យប្លន់រួមមាន៖

*ទី១៖ ឈ្មោះ ភាង ភ័ណ្ឌ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ មិនពិតប្រាកដ៏ ទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ២៩ ក្រុម១៧ សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ប្លន់ និងជួញដូរគ្រឿងញៀន)
*ទី២៖ ឈ្មោះ ជា រ៉ាន់ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរអ្នកអនាម័យ មានទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ២៩ ក្រុម១៧ សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ប្លន់ និងជួញដូរគ្រឿងញៀន)
*ទី៣៖ ឈ្មោះ ហ៊ុយ សុខា ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរលក់សាច់ឆ្កែ មានទីលំនៅបច្ចុប្បន្នភូមិសាឡូង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ប្លន់)។

សម្ភារចាប់យករួមមាន៖ ម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដាសេ១២៥ និងអ៊ែរប្លែក, កាំភ្លើងខ្លី០២ដើម (ម៉ាកកា៥៩) បង់ចំនួន០២ គ្រាប់០៧គ្រាប់, គ្រឿងញៀនចំនួន ៤៧៨.៣២ក្រាម និងថ្នាំគ្រាប់រូបក្បាលខ្មោច ពណ៌កាប់ស្ទាំង ចំនួន ២៥គ្រាប់។

ជនសង្ស័យទាំង០៣នាក់បានសារភាពប្រាប់ថា ពួកគេពិតជាបានប្រព្រឹត្តសកម្មភាពខាងលើនេះ ពិតប្រាកដមែន៕