(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ កែវ ពង្ស អតីតមេទ័ពខ្មែរក្រហម ហើយជាមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ បានដាស់តឿនយុវជនខ្មែរត្រូវប្រឹងប្រែងការពារសន្តិភាព ដើរតាមផ្លូវបែបប្រជាធិបតេយ្យពិតៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
ការក្រឿនរំឮកបែបនេះរបស់នាយឧត្តមសេនីយ៍ កែ ពង្ស បានធ្វើឡើងនារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅគេហដ្ឋានមួយកន្លែងក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នាយឧត្តមសេបនីយ៍ កែ ពង្ស ក៏បានរំលឹកពីប្រវត្តិសាស្ត្រ ជូរចត់នៃសង្គ្រាបឈ្លប និងជាសមភូមិចុងក្រោយនៃខេត្តកំពង់ស្ពឺ មុនសមាហរណកម្មក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកថា «បើគ្មាននយោបាយឈ្នះឈ្នះ សង្គ្រាមមិនងាយចប់ទេ ដូចនេះយើងជាយុទ្ធជន ប្រជាជន ត្រូវរក្សាឱ្យបាននៅសន្តិភាព ខណៈកម្ពុជាកំពុងដើរផ្លូវប្រជាធិបតេយ្យពិតៗ។ កុំធ្វើដូច ប៉ុល ពត ប្រើតែពាក្យលទ្ធិប្រជាធប្បតេយ្យ តែមិនយកប្រើបញ្ញានោះទេ ប្រើតែបុគ្គលដែលគេទុកចិត្តតែប៉ុណ្ណោះ ទើបរបបនោះកើតពាក្យ មួលបង្កាច់គ្នាសម្លាប់រង្គាលបែបនេះ សម័យ ប៉ុល ពត នោះដែរ គេបានកាត់ផ្តាច់ទាំងស្រុងព័ត៌មានពីម្នាក់ទៅម្នាក់ ពីប្រទេសមួយទៅប្រទេសមួយ ពីសហគមន៍មួយទៅសហគមន៍មួយ ដើម្បីបំភ័ន្តភ្នែកអន្តរជាតិ»។
និយាយដោយទឹកមុខអង់អាច និងមានន័យបំផុតនៅចំពោះមុខភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ នាយឧត្តមសេនីយ៍ បានឱ្យដឹងថា លោកស្អប់ជាងគេគឺ «ពាក្យមួលបង្កាច់» មានន័យថា ដោយសារតែពាក្យនេះធ្វើខ្មែរក្រហម កាប់សម្លាប់មនុស្សមិនរើសមុខដោយចោទថា ជាអ្នកនេះ ជាអ្នកនោះ។ល។ ន័យមួយទៀតដែលលោកផ្តាំទៅយុវជន និងប្រជាពលរដ្ឋកម្ពុជាបើកុំចង់មានសង្គ្រាម ត្រូវនាំគ្នាស្រឡាញ់ និងថែរក្សាសន្តិភាព លោកឆ្អែតណាស់រឿងសង្គ្រាម លោកមានស្នាមត្រូវរបួសដោយសារតែសង្គ្រាម ១១លើកស្មើ ១៨កន្លែង ស្ទើសុះសាច់ សង្គ្រាមបំផ្លាញមនុស្ស បំផ្លាញប្រទេសជាតិខ្លាំងណាស់។
នាយឧត្តមសេនីយ៍ កែវ ពង្ស បានថ្លែងថា ពីដំបូងលោកចូលជាយុទ្ធជនយោពេទ្យរបស់ខ្មែរក្រហមទេ ក្រោយមកលោកបានជាកងទ័ពដាក់កុងពិសេសសម្រាប់វ៉ៃបើកផ្លូវឈាម ឬជាយុទ្ធជនប្រយុទ្ធសមភូមិជួរមុខ ហើយលោកមិនដែលប្រើអាវុធទេ គឺប្រើតែគ្រាប់បែកសុទ្ធក្នុងពេលប្រយុទ្ធក្នុងសមភូមិ។ លោករៀបរាប់ថា តំបន់កំពង់ត្រាំ ស្ពានគុណគ្រូក៏លោកបានវៃដណ្តើមយកបានដែរ ទោះបីកងទ័ពរដ្ឋាភិបាលច្រើនយ៉ាងណាក្តី។
នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា ក្នុងចំណោមសមភូមិទាំងអស់ មានតែសមភូមិស្រុកកំពង់សិលា ដែលបច្ចុប្បន្នស្ថិតក្នុងខេត្តព្រះសីហនុ មួយគត់ដែលកងឈ្លបពិសេស របស់លោកវៃមិនបែកទាល់សោះ ត្រង់នេះលោកចង់យកបទពិសោធន៍សមភូមិកំពង់សិលាជាបទពិសោធន៍សម្រាប់យុទ្ធជនការពារជាតិជំនាន់ក្រោយផងដែរ។
រំលឹកបន្តិចនៅជីវិតថ្លៃរបស់គាត់ថា សមភូមិចុងក្រោយកងទ័ពរដ្ឋាភិបាល បានបាញ់ស្រោចមកលើរថយន្តគាត់នៅអូរគគី ភូមិសាស្ត្រខេត្តកំពង់ស្ពឺ ភ្លាមៗបានសម្លាប់យុទ្ធមិត្តម្នាក់ ដែលជិះរថយន្តជាមួយគ្នា ខណៈនោះកងទ័ពរដ្ឋាភិបាល បានបាញ់តម្រង់ចំគាត់តែអកុសលគ្រាប់មិនផ្ទុះ ជាច្រើនគ្រាប់ ទើបគេនាំគ្នានិយាយតៗគ្នាថា កែវ ពង្ស បាញ់មិនផ្ទុះទេ តែលោកមិនចេះមន្តអាគមន៍ទេ ការបាញ់ស្រោចនេះ ដោយសារតែលោកបើកឡានខ្លួនឯងចូលក្នុងខ្សែត្រៀមកងទ័ពរដ្ឋាភិបាល ក្នុងដំណើរទៅកាន់ស្រុកឱរ៉ាល់។
នាយឧត្តមសេនីយ៍ កែ ពង្ស និយាយត្រឡប់ក្រោយបន្តិចទាក់ទងនិងរឿងរត់គេចពីការតាមសម្លាប់របស់កងទ័ពរដ្ឋាភិបាលកាលនោះជីវិតលោកឆ្នាំ១៩៧៩ មានតែទាហានដែលស្ម័គ្រចិត្តតាមមកចំនួនតែ ១៥នាក់ប៉ុណ្ណោះ បានរត់តាមគាត់ដើរកាត់ព្រៃរហូតដល់តំបន់ជ្រាវ ស្រុកថ្ពង ក្នុងពេលនោះហើយទើបលោកដឹងការពិតថា ប៉ុល ពត ពិតជាបានសម្លាប់ប្រជាជនឯងយ៉ាងសាហាវព្រៃផ្សៃ ដោយសារតែលោកធ្វើដំណើរជួបរណ្តៅកប់ខ្មោចជាច្រើនកន្លែង។
ក្នុងពេលសម្រាកនៅទីនោះទ័ពរបស់លោក បានឃាត់ប្រជាជនដែលដើររកសត្វ ចង់ដឹងការពិត ហើយពលរដ្ឋហាក់ភិតភ័យ និងវត្តមានទាហានរបស់គាត់ (ខ្មែរក្រហម) ណាស់ ទើបបញ្ជាក់កាន់តែច្បាស់ថា ការកាន់កាប់អំណាចរបស់ខ្មែរក្រហម ពិតជាបានសម្លាប់មនុស្ស។
ចាប់ពីពេលនោះជីវិតគាត់រស់បានដោយដើរកាត់ក្នុងព្រៃមើលតាមរូបផែនទីដែលបោះពុម្ភក្របសៀវភៅកុមារដ្ឋានតែប៉ុណ្ណោះដើម្បីស្វែងរកទីតាំង។ តែអ្វីដែលធ្វើឱ្យលោកជឿជាក់បន្ថែមទៀត លើក្រុមខ្មែរនោះគឺ ប៉ុល ពត លើកឡើងថា អ្នកសម្លាប់ប្រជាជនកម្ពុជា គឺកងទ័ពវៀតណាមទេ ជាមួយគ្នាខ្មែរក្រហមបានកាត់ផ្តាច់ទំនាក់ទំនង មិនឱ្យទ័ពណាម្នាក់ដឹងពីកិច្ចការក្នុងប្រទេសដាច់ខាត ដោយលោកចាត់ទុកនេះជាសង្គ្រាមនយោបាយ ចិត្តសាស្ត្រដ៏មានឥទ្ធិពលរបស់ខ្មែរក្រហម។ លោកបានទទួលស្គាល់ថា ប៉ុល ពត ពិតជាអ្នកសម្លាប់ពលរដ្ឋខ្លួនឯងសោះ៕