(ព្រៃវែង)៖ តំបន់អភិរក្សបឹងស្នេហ៍ធាយ ក្នុងខេត្តព្រៃវែង នៅតែបន្តមានវត្តមានសត្វស្លាប នៅតែមានច្រើនដូចសព្វដង ជាពិសេស គឺសត្វននៀលខ្ចង ខណៈដែលភ្ញៀវទេសចរវិញ មកកម្សាន្តនៅតំបន់នេះ មានការធ្លាក់ចុះដោយសារជំងឺកូវីដ១៩ មិនទាន់មានភាពធូរស្រាលនៅឡើយ។
នៅតំបន់អភិរក្សបឹងស្នេហ៍ធាយ ឬទួលព័ន្ធតាឡី ស្ថិតនៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង មានមផ្ទៃដីប្រមាណជាង ៨០ហិកតា និងមានចម្ងាយជាង ២០គីឡូម៉ែត្រ ពីទីរួមខេត្តព្រៃវែង។
បើតាមលោក ប៉ាន់ យន ប្រធានសហគមន៍អភិរក្សបឹងស្នេហ៍ធាយ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រៃវែង ឱ្យដឹងថា ជាទូទៅនៅតំបន់អភិរក្សបឹងស្នេហ៍ធាយនេះ មានសត្វស្លាបប្រមាណជា ៤៩ប្រភេទ ក្នុងនោះមាន៖ សត្វកុក, សំបកទំពាំង, ខ្វែក, ក្អែកទឹក, ត្មោញ, ននៀលខ្ចង, ទុង, ក្រសារ និងសត្វផ្សេងៗជាច្រើនទៀត ក្នុងនោះប្រភេទសត្វខ្លះដែលមិនធ្លាប់មានពីមុនមក ក៏ស្រាប់តែមានវត្តមាននៅទីនេះដែរ។
លោកបានបន្តថា សត្វស្លាបទាំងនេះ បានមកស្នាក់នៅ និងពងកូនជារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះ មានច្រើនជាងឆ្នាំមុនៗ និងច្រើនរហូតដល់ដើមឈើខ្លះស្វិតងាប់ និងបាក់មែកតែម្តង ធ្វើឱ្យសត្វខ្វះជម្រក។
លោក ប៉ាន់ យន បានបន្ថែមថា សម្រាប់រដើមរដូវវស្សាដែលមានភ្លៀងធ្លាក់គ្រប់កន្លែងនេះ និងស្របពេលដែលទឹកនៅក្នុងបឹង មានការគោករាក់ដោយសារការបូបបាចទៅដាក់ស្រូវប្រាំងនោះ ប្រភេទសត្វមួយចំនួនធំបានផ្លាស់ទី ទៅរកចំណីនៅកន្លែងផ្សេងៗ តាមបណ្តាស្រុក និងខេត្តនានា ក៏ប៉ុន្តែ សម្រាប់សត្វននៀលខ្ចងវិញ មិនត្រឹមតែមិនទៅប៉ុណ្ណោះទេ តែថែមទាំងបន្តមកបន្តបន្ទាប់ទៀត ស្ទើររៀងរាល់ថ្ងៃ និងកំពុងមានវត្តមានច្រើន ហើយយ៉ាងយូរនៅក្នុងខែ៨ ឬខែ ៩ខាងមុខនេះ នៅពេលមានទឹកច្រើនឡើងវិញនោះ ពួកវានឹងវិលត្រឡប់មកវិញ ដើម្បីបន្តពូជនៅទីនេះ ពោលគឺវិលទៅវិលមកទៅតាមរដូវកាល និងប្រភេទសត្វនីមួយៗ។
ចំណែកភ្ញៀវទេសចរវិញ លោកបញ្ជាក់ថា បន្ទាប់ពីស្ងប់ស្ងាត់កូវីដ១៩ បន្តិចមកហាក់កំពុងមានការត្រឡប់មកវិញជាបណ្តើរៗ ហើយ តែមិនទាន់ច្រើនទេ គឺប្រមាណតែ ៣០% ប៉ុណ្ណោះបើប្រៀបធៀបនឹងពេលមុនកើតកូវីដ១៩។
ដោយឡែក ប្រជាពលេដ្ឋដែលធ្លាប់ទៅកម្សាន្តនៅទីនោះ បាននិយាយថា មូលហេតុដែលពួកគាត់មកកម្សាន្តនៅទីនេះ ដោយសារពួគាត់ស្រឡាញ់សត្វផង និងចូលចិត្តបរិស្ថានផង ព្រោះនៅទីនេះមានទេសភាពល្អ ខ្យល់បរិសុទ្ធ និងមានសត្វច្រើនគួរឱ្យគយគន់ ម្យ៉ាងទៀត បច្ចប្បន្ននេះ ដោយសារប្រទេសកម្ពុជា មានផ្លូវស្រួលធ្វើដំណើរ និងមានសុវត្ថិភាពគ្រប់ទីកន្លែងផងនោះ ពួកគាត់ទៅដល់ហើយមិនចង់ទៅផ្ទះវិញទេ ចំណែកអ្នកខ្លះទៀតពេលបានទៅដល់ នៅលម្ហែរកាយហូតដល់មេឃងងិតក៏មាន។
ចំណែកអ្នកមិនដែលធ្លាប់ទៅលេងវិញ បាននិយាយថា ពួកគាត់មិននឹកស្មានថា នៅប្រទេសកម្ពុជាយើងនៅមានវត្ត មានសត្វដ៏ច្រើនបែបនេះទេ ពួកគាត់ថា ពេលប្រទេសមានសន្តិភាព មានការអភិវឌ្ឍ សូម្បីតែសត្វក៏មានសេចក្តីសុខដែរ។
ដូច្នេះ ពួកគាត់អំពាវនាវ សូមឱ្យប្រជាពលរដ្ឋទាំងអស់កុំទុកសត្វជាសត្រូវ សូមចូលរួមថែរក្សាសត្វឱ្យបានគ្រប់ៗគ្នា ដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយ និងសម្រាប់ទាក់ទាញទេសចរណ៍៕