(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានស្នើដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត បន្តការរឹតបន្តឹង និងការផ្សព្វផ្សាយអប់រំច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព។
នេះបើតាមចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដោយអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ ៣៩ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមស្នើដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត បន្តការរឹតបន្តឹង និងការផ្សព្វផ្សាយអប់រំច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព»។
ជាមួយគ្នានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតែអំពាវនាវយ៉ាងទទូច ដល់សាធារណជន ពិសេសអ្នកប្រើប្រាស់ផ្លូវគ្រប់រូប បន្តចូលរួមគោរព និងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យបានព្រមៗគ្នា ដោយត្រូវបំពេញកាតព្វកិច្ចផ្សេងៗ ដែលច្បាប់បានកំណត់ ប្រកបដោយស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីរួមចំណែក លើកស្ទួយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់សង្គមជាតិយើង។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍បានឲ្យដឹងថា បើទោះបីជាក្នុងខែឧសភាកន្លងទៅនេះ ស្ថានភាពចរាចរណ៍មានភាពកាន់តែល្អប្រសើរក្ដី ប៉ុន្តែករណីស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅមានតែតួលេខ គួរឲ្យបារម្ភ ជាពិសេសអត្រាខ្ពស់នៃគ្រោះថ្នាក់ ចំពោះអ្នកជិះម៉ូតូ និងអត្រាខ្ពស់ នៃការមិនបានពាក់មួកសុវត្ថិភាព ពេលមានគ្រោះថ្នាក់ នៅតែបន្តកើតមាន។ ប្រការទាំងនេះ ទាមទារឲ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូប បន្តយកពង្រឹងស្មារតីប្រុងប្រយ័ត្នក្នុងពេលបើកបរ និងត្រូវអនុវត្ត ឲ្យបានខ្ជាប់ខ្លួន តាមច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក។
គូសបញ្ជាក់ថា រយៈពេល០១ខែ (គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០) សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្ត ចំនួន៣២,៧២៦ករណី ស្មើនឹង៧៣% និងរថយន្តគ្រប់ប្រភេទចំនួន១២,០៣៩ករណី ស្មើនឹង២៧%។
បើប្រៀបធៀបរយៈពេលដូចគ្នានៃខែឧសភា ឆ្នាំ២០១៩ ឃើញថា ស្ថានភាពចរាចរណ៍មាន ភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ១៣០លើក ស្មើ៣៧% (២១៨/៣៤៨ លើក) អ្នកស្លាប់ថយចុះ៤២នាក់ ស្មើ២៧% (១១៣/១៥៥នាក់) អ្នករបួសថយចុះ ១៦២នាក់ ស្មើ៣២% (៣៤២/៥០៤នាក់)។ ប៉ុន្តែបើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៨លើក ស្មើ១១% (២១៨/២៤៦លើក) អ្នកស្លាប់ថយចុះ ១៤នាក់ ស្មើ១១% (១១៣/១២៧នាក់) អ្នក របួសថយចុះ២៦នាក់ ស្មើ៧%(៣៤២/៣៦៨នាក់)៕