(តាកែវ)៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ បានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងប្រគល់ទូកចំនួន៨គ្រឿង, ម៉ាស៊ីនទូកចំនួន២គ្រឿង ដែលពួកចោរបានលួចកន្លងមក។
លើសពីនោះទៀត កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានស្រុក និងអាជ្ញាធរដែនដី បានស្រាវជ្រាវរកឃើញជនសង្ស័យ លួចទូកម្នាក់ បញ្ជូនទៅតុលាការ និងបានកំណត់មុខសញ្ញាជនសង្ស័យផ្សេងៗទៀត ដែលកំពុងតាមចាប់ខ្លួនបន្តទៀត។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានប្រគល់ថវិកាមួយចំនួន ជូនដល់ប្រជាការពារ និងម្ចាស់ទូកផងដែរ។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង ក៏បាននាំយកទឹកបាញ់ថ្នាំសម្លាប់មេរោគ និងម៉ាសមួយចំនួន ប្រគល់ជូនលោកអភិបាលស្រុកកោះអណ្ដែត លោកអធិការ លោកមេឃុំ និងលោកមេភូមិ ចំនួន៣ភូមិ ដើម្បីប្រើប្រាស់បង្ការ ទប់ស្កាត់ការរីករាលដាលជំងឺឆ្លង Covid-19 នៅអធិការដ្ឋាននគរបាលស្រុកកោះអណ្ដែត ខេត្តតាកែវផងដែរ។
ទន្ទឹមគ្នានោះ ស្នងការនគរបាលខេត្តតាកែវ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្ដរក្សាថែរក្សាអនាម័យ ដោយលាងដៃ ជាមួយនិងអាកុល និងសាប៊ូ ជាប់ប្រចាំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះកម្ពុជា មានអ្នកការឆ្លងជំងឺកូវីដ១៩ សរុប១២៥ករណី ដោយក្នុងនោះ មានអ្នកជំងឺ១២៣នាក់ បានជាសះស្បើយ និង ២នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ៕