(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ នគរបាលផ្នែកព្រហ្មទណ្ឌរបស់អធិការដ្ឋានខណ្ឌទួលគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនស្ត្រីសង្ស័យឈ្មោះ សួន មករា អាយុ៣៦ឆ្នាំ មុខរបរអ្នកគក់ជេរទិញ-លក់ដីឡូត៍ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយដើមបណ្តឹងដែលជាជនរងគ្រោះ ប្តឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួននៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
លោក ខាត់ ខុនទិត្យ នាយប៉ុស្តិ៍នគរបាលប៉ុស្តិ៍បឹងកក់២ បានឲ្យអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ ដោយសារតែសង្ស័យបានយក
លុយជនរងគ្រោះទៅទិញដីឡូត៍ឲ្យជនរងគ្រោះ តែយកទៅចាយវាយអស់លុយហើយគេចខ្លួនបាត់។
លោក ខាត់ ខុនទិត្យ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៤:០០នាទី កម្លាំងរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ឃាត់ខ្លួនជនសង្ស័យនៅចំណុចតូបលក់បបរផ្លូវលេខ៣១៧ ក្រុមទី២៦ ភូមិ៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សួន មករា អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកគក់ជេរទិញ-លក់ដីឡូត៍ ស្នាក់នៅផ្ទះជួល (ប្លុកវីឡា៥៦) ផ្លូវលេខ៥៩២ ក្រុមទី៣១ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ ឈួ ទូច ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បបរស្នាក់នៅផ្ទះ ប្លុកវីឡា៥៦ ផ្លូវលេខ៥៩២ ក្រុមទី៣១ ភូមិ៧ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានដកហូតភស្តុតាងរួមមាន៖
*វិក័យប័ត្រវ៉ីងវេរលុយចំនួន ០៣សន្លឹក
*វិក័យប័ត្រទ្រូម៉ាន់នី ចំនួន០៤សន្លឹក
*វិក័យប័ត្ររបស់ជនរងគ្រោះវេរលុយទៅឲ្យជនសង្ស័យឈ្មោះសួន មករា សំរាប់បង់ប្រាក់ជាដំណាក់កាលឲ្យក្រុមហ៊ុនលក់ដីឡូត៍ (ទទួលពីឈ្មោះ ឈួ ទូច)។
បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការតាមនីតិវិធីច្បាប់៕