(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីវុឌ្ឍី ហូសិទ្ធី ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាអនុប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បានថ្លែងលើកទឹកចិត្តដល់ជនមានពិការភាពទាំងអស់ មិនថាពិការភ្នែក ឬពិការសម្បទាផ្នែកណាមួយឡើយ ត្រូវមានក្តីសង្ឃឹមក្នុងជីវិតជានិច្ច និងត្រូវមានទំនុកចិត្ត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគិតគូរយ៉ាងខ្លាំងលើជនមានពិការភាព។
ការថ្លែងលើកទឹកចិត្តនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោកស្រីទីប្រឹក្សាក្រសួងធម្មការ និងលោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្រ្តីសំនៀងជនពិការ ព្រមទាំងសប្បុរសជនជាច្រើនរូប អញ្ជើញសំណះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់សមាគមន្ត្រីសំនៀងជនពិការ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីវុឌ្ឍី ហូសិទ្ធី ក៏បានជំរុញដល់ជនមានពិការភាពទាំងឡាយ ត្រូវបន្តការពារខ្លួន បង្ការ និងចូលរួមទប់ស្កាត់កុំឲ្យមានជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល។ លោកស្រីបានឲ្យដឹងថា ខ្លួនតែងតែដឹកនាំ និងធ្វើកម្មវិធីសប្បុរសធម៌ ក្នុងគោលដៅរួមចំណែកលើកស្ទួយវប្បធម៌ចែករំលែក ហើយសន្យាថា នឹងបន្តផ្តល់ជំនួយដល់សមាគមសមាគមបន្ថែមទៀត ឲ្យតែមានការសំណូមពរ។
របាយការណ៍របស់លោក ចាប តូ បានឲ្យដឹងថា សមាគមនេះត្រូវបានបង្កើតឡើង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ និងត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃផងដែរ។ បង្កើតដំបូងឡើយ សមាគមនេះមានសមាជិកត្រឹមតែ ១៥នាក់តែប៉ុណ្ណោះ ហើយមកដល់បច្ចុប្បន្នមានសមាជិករហូតដល់ ៤០៦នាក់ ដែលសុទ្ធតែជាជនមានពិការភាពភ្នែក និងកាយសម្បទា។ ក្នុងនោះ មានមួយចំនួនស្នាក់នៅក្នុងសមាគម និងមួយចំនួនទៀតធ្វើការនៅតាមកន្លែងម៉ាស្សា និងកន្លែងផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញ។
ប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានអំពាវនាវលោកស្រីទីប្រឹក្សាក្រសួងធម្មការ ឲ្យជួយកៀរគរសប្បុរជន និងអំពាវនាវដល់សប្បុរសជន ក្នុងការផ្តល់ជំនួយឧបត្ថម្ភតាមសទ្ធា ដល់សមាគមរបស់លោក ខណៈពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតលើពិភពលោក និងកម្ពុជា។ ជនមានពិការភាពពុំអាចធ្វើអ្វីបាន ក្រៅពីប្រគុំតន្រ្តីសប្បុរសធម៌ ជំនួយមនុស្សធម៌ពីសម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសប្បុរសជននានាឡើយ។
លោក ចាប តូ បានរំលឹកថា សមាគមតន្ត្រីសំនៀងជនពិការកាលពីមុន បានជួលផ្ទះគេស្នាក់នៅរហូតដល់ ៨កន្លែង ទើបដល់ឆ្នាំ២០១៧ សមាគមបានទិញដីមួយកន្លែង ដែលមានទទឹង ២០ម៉ែត្រ និងបណ្តោយ ៤៥ម៉ែត្រ ដែលមានអគារលេខ២៩៨D ផ្លូវលំ ក្រុមទី២ ភូមិជម្រៅ សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញនេះ។ អំឡុងពេលនេះ ជនមានពិការភាពរបស់សមាគម បានបាត់ចំណូលដោយសារតែវិបត្តិកូវីដ១៩ ព្រោះការម៉ាស្សាក៏មិនមានភ្ញៀវ កម្មវិធីប្រគុំតន្រ្តីក៏ត្រូវបានផ្អាក និងការប្រកបរបរផ្សេងៗក៏មិនបានដែរ។
ក្នុងឱកាសនោះ លោកស្រី ញ៉ែម មរកត បានឲ្យដឹងថា សមាគមតន្ត្រីសំនៀងជនពិការ ធ្លាប់ត្រូវបានទទួលការឧបត្ថម្ភពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីទិញដីសាងសង់មណ្ឌលស្នាក់នៅរបស់សមាគមនេះ។ បន្ទាប់មក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភ ៣ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត ដើម្បីសាងសង់អគារស្នាក់នៅ និងរហូតមកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចុះសំណះសំណាល សួរសុខទុក្ខ និងចែកអំណោយ ដល់ជនមានពិការភាពនៅក្នុងសមាគម ហើយសម្តេចក៏ប្រកាសជួយសាងសង់អគារទាំលមូលតែម្តង។
បើតាមលោកស្រី ញ៉ែម មរកត ក្រៅពីជនឧបត្ថម្ភថវិកាទិញដី និងសាងសង់អគារស្នាក់ ដល់សមាគមតន្រ្តសំនៀងជនពិការ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានសាងសង់ផ្លូវ ១ខ្សែ រថយន្តក្រុង ១គ្រឿង និងស្បៀងអាហារជាដើម។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែជួយដល់សមាគមនេះ ក្នុង១ឆ្នាំម្តង ឬពីរដង ប្រសិនបើសមាគមមានការខ្វះខាត។
ព្រះចៅអធិការវត្តភ្នៀត មានសង្ឃដីកា និងលើកទឹកចិត្តដល់ជនមានពិការភាពថា ទោះបីជាជាតិនេះយើងពិការចក្ខុមែន តែអ្វីដែលជាចិត្តគំនិតរបស់យើងមិនពិការទេ។ សូមឲ្យជនមានពិការភាព បន្តខិតខំប្រឹងប្រែងនិងតស៊ូក្នុងជីវិតឲ្យបានកាន់តែល្អប្រសើរ និងសូមជនមានពិការភាព ធ្វើអ្វីកុំប្រាសចាកពីសីលធម៌ ឬខុសពីបទបញ្ជារបស់រាជរដ្ឋាភិបាល ដូចជាការច្រៀងតាមផ្លូវ តាមភ្លើងសញ្ញាចរាចរណ៍ និងតាមផ្សារជាដើម។
សូមបញ្ជាក់ថា ទីប្រឹក្សាក្រសួងធម្មការ និងសប្បុរសជន បានឧបត្ថម្ភថវិកា ៧៥០ដុល្លារអាមេរិក និង ១,២២០,០០០រៀល, អង្ករ ៥០០គីឡូក្រាម, ទឹកសុទ្ធ ៦០យួរ, ទឹកក្រូច ៦កេស, ត្រីខកំប៉ុង ៦កេស, និងទឹកស្រី ៦យួរ ដល់សមាគមតន្រ្តីសំនៀងជនពិការ។ ក្នុងពិធីសប្បុរសធម៌នេះ ក៏មានការចូលរួមពីអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា (HOPE) ដើម្បីពិនិត្យត្រចៀក ច្រមុះ និងបំពង់ក ដល់ជនមានពិការភាព ដោយមិនគិតថ្លៃផងដែរ៕