(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo “Kupa” Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំកម្ពុជា បានលើកឡើងថា ទីម័រខាងកើត ចង់ឃើញវត្តមានអ្នកវិនិយោគកម្ពុជាទៅបណ្តាក់ទុន វិនិយោគនៅក្នុងប្រទេសខ្លួន។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងថា ទីម័រខាងកើតសម្បូរដោយធនធានធម្មជាតិ ដែលទាមទារឲ្យមានការវិនិយោគពីបរទេស ដែលបច្ចុប្បន្ននេះ មានអ្នកវិនិយោគមកពីឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត មិនទាន់មានអ្នកវិនិយោគពីកម្ពុជានោះទេ។ លោកចង់ឃើញវត្តមានធុរជនកម្ពុជាទៅបណ្តាក់ទុននៅទីម័រខាងកើត ក្នុងពេលអនាគត។
នៅក្នុងឱកាសចូលជួបសម្តែងគួរសមជាមួយ សម្តេចប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ក៏បានលើកឡើងផងដែរថា ប្រជាពលរដ្ឋទីម័រខាងកើត បានគោរពស្រឡាញ់ និងកោតសរសើរចំពោះវីរៈស្នេហា បម្រើប្រទេសជាតិ និងប្រជាជនរបស់សម្តេចប្រធានរដ្ឋសភា។ សម្តេចជាឥស្សរជនស្នេហាជាតិ ដែលបានចូលរួមរំដោះ អភិវឌ្ឍន៍ និងបង្រួបបង្រួមប្រជាជាតិ រហូតនាំកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន។
ឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះការបោះពុម្ពផ្សាយសៀវភៅនិយាយពីប្រវត្តិតស៊ូរបស់សម្តេចប្រធានរដ្ឋសភា កាលពីឆ្នាំ២០១៨ ទុកសម្រាប់មនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រ។ លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានគូសបញ្ជាក់ថា សៀវភៅនោះមានសារៈសំខាន់ជាប្រវត្តិសាស្រ្ត។ លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើតតាមពេលវេលាសមស្របណាមួយ។
សម្តេចពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះប្រសាសន៍របស់លោក ដែលបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព នៃទំនាក់ទំនងការទូតល្អរវាងប្រទេសទំាងពីរកម្ពុជានិងទីម័រខាងកើត។ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងលើកទឹកចិត្តបន្តកិច្ចសហប្រតិបត្តិការឲ្យខ្លាំងក្លាថែមទៀតលើវិស័យទេសចរណ៍ កសិកម្ម និងធនធានមនុស្ស សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។
សម្តេចពញាចក្រី ហេង សំរិន បានទទួលយកការគោរពអញ្ជើញរបស់ឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើត នៅពេលវេលាសមស្របណាមួយ។ សម្តេចបានមានប្រសាសន៍ថា កន្លងមករដ្ឋសភាកម្ពុជាធ្លាប់បានគាំទ្ររដ្ឋសភាទីម័រខាងកើត ជាប្រទេសសង្កេតការណ៍របស់អន្តរសភាអាស៊ាន(អាយប៉ា) ហើយនិងបន្តគាំទ្ររដ្ឋសភាទីម័រ ជាសមាជិកពេញសិទ្ធទី១១ របស់អាយប៉ា និងអាស៊ាន នៅថ្ងៃអនាគត។
លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានថ្លែងអំណរគុណដល់រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគំាទ្រដល់បេក្ខភាពរបស់ប្រទេសទីម័រខាងកើត នៅក្នុងក្របខណ្ឌអាស៊ាន និងអន្តរសភាអាស៊ាន។
លោកបានសន្យាថា នឹងខិតខំបំពេញបេសកកម្មការទូតឲ្យទទួលបានជោគជ័យ នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។ ឯកអគ្គរដ្ឋទូត បានចាត់ទុកកម្ពុជាជាគេហដ្ឋានទី២របស់ខ្លួន មិនមានភាពកក់ក្តៅយ៉ាងខ្លំាង ទោះបីពេលនេះ ពិភពលោកមានបញ្ហាកូវីដ១៩ តែកម្ពុជាបានគ្រប់គ្រងស្ថានការណ៍ជំងឺនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕