(ភ្នំពេញ)៖ ជនជាប់ចោទដែលមានសំណុំរឿងជាច្រើននៅសាលាដំបូងរាជធានីភ្នំពេញ គឺឧកញ៉ា ហូរ ចំរើន ត្រូវបានមន្ត្រីពន្ធនាគារនាំខ្លួនទៅតុលាការដោយប្រើរថយន្ដទំនើប ជិះចង់ចូលក្នុងជណ្ដើរយន្ដរបស់តុលាការតែម្តង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ។
មន្ត្រីពន្ធនាគារព្រៃស បានបង្ហើបថា ជនជាប់ចោទ ឧកញ៉ា ហូរ ចំរើន តែងតែប្រើរថយន្ដផ្ទាល់ខ្លួនម៉ាក Lexus 470 និងមានរថយន្ដកងអង្គរក្សជិះតាមការពារពីក្រោយពីមុខ ត្រូវតុលាការកោះហៅ ឲ្យទៅឆ្លើយ។
សូមជម្រាបថា ឧកញ៉ារូបនេះកំពុងជាប់បណ្តឹងឆបោកប្រាក់ចំនួន៣ករណី ក្នុងទំហំទឹកប្រាក់ប្រមាណជា ២០០លានដុល្លារ ដែលពាក់ព័ន្ធគម្រោងវិនិយោគកសាងមន្ទីរពេទ្យ សាលារៀន នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល របស់ក្រុមហ៊ុនចិន ដែលមានបុរសជនជាតិចិនឈ្មោះ ហាន់ គឿក ជាដើមបណ្ដឹង។ ឧកញ៉ា ហូរ ចំរើន ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសដាក់គុក ១៨ខែ ព្រោះរឿង បាញ់គំរាមសម្លាប់ប្រពន្ធ។
គួររម្លឹកដែរថា លោក ហូរ ចំរើន ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ពាក់ព័ន្ធករណីបាញ់បោះជិត១០គ្រាប់ គំរាមលោក យិន គា ដែលជាឪក្មេក កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕