(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានស្នើដល់ថ្នាក់ដឹកនាំសុខាភិបាលខេត្ត និងក្រុមគ្រូពេទ្យត្រូវបន្តយកចិត្តទុកដាក់លើការព្យាបាលអ្នកជំងឺ និងត្រូវមានក្រមសីលធម៌ លក្ខណៈសម្បត្តិក្នុងការបំពេញការងារព្យាបាលជូនប្រជាពលរដ្ឋឱ្យបានល្អ។
ការស្នើបែបនេះរបស់លោក ម៉ែន វិបុល នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តក្រោមវត្តមានលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ដែលមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពនានាក្នុងខេត្ត លោក អភិបាលក្រុងស្រុកទាំង៨ មន្រ្តីរាជការគ្រប់មន្ទីរអង្គភាពការិយាល័យ ចំណុះមន្ទីរសុខាភិបាលខេត្តស្វាយរៀង ជាច្រើនរូបទៀត។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានថ្លែងថា ដោយផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មីនេះ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តនឹងក្លាយទៅជាអ្នកទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីលទ្ធផល នៃការបំពេញការងារពាក់ព័ន្ធ នឹងការផ្តល់សេវាសុខាភិបាលនានាដែលបានប្រគល់ឱ្យ គឺផ្អែកលើគោលនយោបាយផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល។
លោក ម៉ែន វិបុល បានបន្តថា ការរៀបចំពិធីប្រកាសផ្សព្វផ្សាយនេះ មានគោលបំណងផ្សព្វផ្សាយ និងផ្តល់ការណែនាំអំពីគោលការណ៍សំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត រួមទាំងប្រធាន មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត អំពីការចាប់ផ្តើមជាផ្លូវការនូវការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ស្របតាមគោលការណ៍បែបបទ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលខេត្ត។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ទន្ទឹមនេះ ត្រូវមានគណនេយ្យភាព និងមានការទទួលខុសត្រូវចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រង ការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យលើការផ្តល់សេវាសុខាភិបាលដែលបានប្រគល់ ទៅឱ្យរដ្ឋបាលរាជធានីខេត្ត ក៏ដូចជារដ្ឋបាលខេត្តស្វាយរៀង បានរៀបពិធីប្រកាសនៅព្រឹកនេះ។
លោក ជុំ ហាត បានលើកឡើងថា ក្នុងនាមតំណាងឱ្យរដ្ឋបាលខេត្ត សូមថ្លែងនូវការសាទរចំពោះការដាក់ឱ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងគាំទ្រពេញទំហឹងចំពោះការផ្ទេរធនធានហិរញ្ញវត្ថុ ធនធានមនុស្ស និងរចនាសម្ព័ន្ធរបស់មន្ទីរសុខាភិបាលខេត្ត ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តស្វាយរៀង ដែលជាការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពោលជាការផ្ទេរសិទ្ធអំណាច និងការទទួលខុសត្រូវរបស់ក្រសួងសុខាភិបាល មករដ្ឋបាលខេត្ត ដែលជាការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការបង្ខិតសេវាសុខាភិបាលឱ្យកាន់តែជិត ប្រជាពលរដ្ឋ ក្នុងការចូលរួមគាំពារសុខមាលភាពប្រជាជនដល់មូលដ្ឋាន៕