(ភ្នំពេញ)៖ មណ្ឌលផ្សារទំនើបខ្នាតអន្តរជាតិ ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល នឹងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២២ខាងមុខ ហើយវត្តមានរបស់មណ្ឌល ផ្សារទំនើបនេះនឹងក្លាយជាផ្នែកមួយ ក្នុងការធ្វើទំនើបកម្ម ឧស្សាកម្មលក់រាយ នៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ។
ក្នុងពិធិចុះកិច្ចព្រមព្រៀងម៉ៅការការផ្គត់ផ្គង់ និងដំឡើងប្រព័ន្ធមេកានិច និងប្រព័ន្ធភ្លើងរវាងមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល និងក្រុមហ៊ុន DBD Engineering Co., Ltd លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា ការចុះកិច្ចព្រមព្រៀងទាំងនេះ ឆ្លុះបញ្ចាំងពីការដើរទៅមុខរហូត នៃរាល់គម្រោងអភិវឌ្ឍន៍ទាំងអស់របស់ក្រុមហ៊ុន ជីប ម៉ុង។
លោកឧកញ៉ា លាង ឃុន បានបន្ថែមថា ការកសាងមណ្ឌលផ្សារជីប ម៉ុង ២៧១ មេហ្គាម៉លនេះឡើង ក៏ជាការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការប្រែក្លាយមុខមាត់តំបន់ ភាគខាងត្បួងនៃរាជធានីភ្នំពេញ ឲ្យក្លាយជាតំបន់ពាណិជ្ជកម្មដ៏ទំនើប ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មធំៗ ដោយភ្ជាប់នឹងភាពបៃតង។
មណ្ឌលផ្សារទំនើបខ្នាតអន្តរជាតិ ជីប ម៉ុង ២៧១ មេហ្គាម៉ល បានវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ១៨០លានដុល្លារ និងសម្រេចការសាងសង់បានប្រមាណជាង ២០ភាគរយហើយ។ ផ្សារទំនើបខ្នាតយក្សនេះ មានទីតាំងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍអចលទ្រព្យ ៤៣ហិកតា លែនម៉ាក២៧១ របស់ក្រុមហ៊ុន ជីប ម៉ុង លែន។
លោក Stephane Pierron អគ្គនាយកស្តីទី របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល បានថ្លែងថា លោកជឿជាក់ថា ក្រុមហ៊ុន DBD Engineering នឹងនៅតែរក្សាគុណតម្លៃ ក្នុងការបំពេញភារកិច្ចឲ្យទាន់ពេលវេលា និងតាមផែនការដើម្បីចូលរួមចំណែកជាមួយ ជីប ម៉ុង ដើម្បីសាងសង់មណ្ឌលផ្សារទំនើប ដ៏អស្ចារ្យនិងធ្វើទំនើបកម្មវិស័យលក់ រាយក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា មណ្ឌលផ្សារទំនើបខ្នាតអន្តរជាតិ ជីប ម៉ុង ២៧១ មេហ្គាម៉ល បានបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់កាលពីខែសីហា ឆ្នាំ២០១៨ ហើយរំពឹងថា នឹងដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០២២។ មណ្ឌលផ្សារទំនើប ជីប ម៉ុង២៧១ មេហ្គាម៉លនឹងក្លាយជាមណ្ឌលផ្សារទំនើប ដ៏ធំនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ៕