(ភ្នំពេញ)៖ លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ និងជាអតីតប្រធានគណបក្សសមរង្ស៉ី បានចាត់ទុកថា លោក សម រង្ស៉ី មេដឹកនាំឧទ្ទាម និងបក្ខពួក កំពុងតែព្យាយាមធ្វើសង្គមជាតិខ្មែរ មានភាពវឹកវរ ចលាចល បំផ្លាញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប៉ុន្តែលោកជឿជាក់ថា «ប្រជាពលរដ្ឋ មិនចោលសាច់ស្រវាឆ្អឹង» នោះទេ។
លោក គង់ គាំ បានលើកឡើងនៅលើ Facebook របស់លោក នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះថា «សម រង្ស៉ី មេដឹកនាំ និងក្រុមនយោបាយជ្រុលនិយម ចិត្តទេវទត្តមាត់ទេវតា មានវប្បធម៌ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី ប្រើតែនយោបាយឈឺសាច់ សាបព្រួសទុក្ខទោសចំពោះសកម្មជន ប្រជាពលរដ្ឋជាបន្តបន្ទាប់គ្មានស្រាកស្រាន្ត (ដើម្បីតែមហិច្ឆតាអំណាចបុគ្គល និងក្រុមខ្លួន) តាមរយៈ (ការកូរទឹកឱ្យល្អក់ដើម្បីចាប់ត្រី ឱ្យទ័ពបំបែរកាណុង ឱ្យប្រជាពលរដ្ឋងើបផ្តួលរំលំ…មាតុភូមិនិវត្តន៍៩វិច្ឆិកា)…(សេដ្ឋកិច្ចធ្លាក់ជាប្រព័ន្ធ)…កុំឱ្យខ្មែរជំពាក់បំណុលសងធនាគារ…ឱ្យធនាគារដួលរលំ…ឱ្យរដ្ឋាភិបាលរលំ…ដូរថ្មីទាំងអស់…រៀបចំថ្មីទាំងអស់។ល។ គឺធ្វើឱ្យប្រទស ធ្វើឱ្យសង្គមជាតិវឹកវរ ចលាចល (បើកឱ្យបរទេសប្រើកម្ពុជាជាសមរភូមិប្រកបដោយគ្រោះមហន្តរាយ) ពួកគេជាក្រុមអ្នកនយោបាយទាល់ច្រក អស់ក្រឡាលោត មានតែប្រថុយតាមគំនិតខ្មៅងងឹតពិសពុលបំផុត បំផ្លាញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ) បច្ចុប្បន្ន ប៉ុន្តែប្រជាពលរដ្ឋមិនចោលសាច់ស្រវាឆ្អឹងតាមការបោកប្រាស់របស់ក្រុមគេឡើយ (រនាបបាក់អាចប្រើរនាបជួស តែសំដីហួស មិនអាចព្រួសភ្លេចមុខភ្លេចក្រោយឱ្យសមត្ថកិច្ចជឿឡើយ)»។
ចាប់តាំងពីមានករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក ដែលធ្វើឱ្យប្រជាពលរដ្ឋថមថយចំណូលនោះ លោក សម រង្ស៉ី មេចលនាឧទ្ទាម បានបំផុសបំផុល និងបង្កើតចលនាផ្សេងៗ ឱ្យប្រជាពលរដ្ឋដែលជំពាក់បំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈប់សងប្រាក់ទៅកាន់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះ ដើម្បីជំរុញឱ្យមានការវឹកវរកាន់តែខ្លាំង។
ទោះជាយ៉ាងនេះក្តី ពាក់ព័ន្ធនឹងករណីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗថា នឹងចាប់ខ្លួនជនណាដែលបម្រើឱ្យយុទ្ធនាការ របស់មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស ដែលចង់ឱ្យធនាគារទាំងអស់នៅកម្ពុជាដួលរលំ តាមផែនការទុរយសរបស់ខ្លួន និងប្រកាសវាយបង្ក្រាបមិនដកដៃជាដាច់ខាត។
សម្រាប់ លោក គង់ គាំ គឺលោកបានប្រកាន់ខ្ជាប់នូវ «សាមគ្គី-ឯកភាពជាតិ» ដែលដោយមិនឱ្យមានក្រុមជ្រុលនិយមបម្រើបរទេសខាងកើតខាងលិច រុញកម្ពុជាឱ្យមានជម្លោះវឹកវរ ចលាចលដូចអតីតកាលឡើយ។ លោកបន្តថា គ្មានបរទេសស្រលាញ់ខ្មែរជាងខ្មែរទេ ខ្មែរប្រើសិទ្ធិបោះឆ្នោត ដើម្បីការរស់រាន ដើម្បីគ្រប់គ្រងធនធានធម្មជាតិ ដើម្បីភាពសាមគ្គី គង់វង្ស ថ្កើងថ្កាន៕