(ភ្នំពេញ)៖ អតីតប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានបញ្ជាក់ថា ប្រទេសចិនជាប្រភពជួយសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ១៩។
ការបញ្ជាក់បែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានបញ្ចប់កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនាតែរួមកម្ពុជា-ចិន នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អតីតប្រមុខការទូតកម្ពុជា បានបបញ្ជាក់យ៉ាដូច្នេះថា៖ «យើងខ្ញុំបានអញ្ជើញតំណាងក្រសួងមកប្រជុំ ក៏ប៉ុន្តែ ឥឡូវនេះមិនមែនតំណាងក្រសួងទេ ជាសមាជិកគណៈកម្មាធិការកម្ពុជាដើម្បីរៀបចំធំ ជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន ដើម្បីលើកទៅថ្ងៃអនាគតកន្លងមកកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន មានសភាពយ៉ាងណាល្អ ខ្វះខាតយ៉ាងម៉េច? ហើយអនាគតយើងលើកអ្វីខ្លះ ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាយើងក្រោយពីកូវីដ១៩»។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្ថែមទៀតថា កម្ពុជា-ចិន បានបង្កើតដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចាប់តាំងពីឆ្នាំ២០១០មក។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឱ្យដឹងថា បញ្ហាវីរុសកូវី១៩នេះ មិនមែនប៉ះពាល់តែប្រទេសកម្ពុជានោះទេ គឺវាបានធ្វើឱ្យប៉ះពាល់ជាសកលដល់បណ្តាប្រទេសនានាទូទាំងពិភពលោក ផងដែរ៕