(រតនគិរី)៖ នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី Ailan Li ប្រធានអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា បានដឹកនាំក្រុមការងារទៅដល់ខេត្តរតនគិរី ហើយបានចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កកម្រិត១ និងកម្រិត២ នៅស្រុកលំផាត់ និងទីតាំងកន្លែងវាស់កម្តៅ ព្រមទាំងបាញ់ថ្នាំសម្លាប់មេរោគ (Sreening Center) នៅចំណតរថយន្តតាយសេងក្រុងបានលុង។
លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានរាយការណ៍ជូនក្រុមការងារក្រសួងសុខាភិបាល ដោយលើកឡើង ពីការយកចិត្តខ្ពស់ពី លោក ថង សាវុន អភិបាលខេត្តរតនគិរី ដែលជម្រុញឲ្យមានក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់ (RRT) សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការដៃគូនានាត្រៀមរៀបចំសម្ភារបរិក្ខាពេទ្យបម្រុងទុកជាមុននឹងផែនការឆ្លើយតប ក្នុងករណីផ្ទុះជំងឺកូវីដ-១៩។
ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន និងលោកស្រី Ailan Li បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តរតនគិរី ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ ជាពិសេសសូមកោតសរសើរចំពោះបុគ្គលិកសុខភាពសាធារណៈនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យ៉ាងសកម្មផងដែរ៕