(ស្វាយរៀង)៖ ក្រោយពីមានករណីកម្មការិនីជាង៧០នាក់ បម្រើការងារនៅរោងចក្រធីវ៉ាយអេឡិចទ្រីក ឯ.ក ផលិតអំពូលភ្លើងសន្លប់ពីរថ្ងៃជាប់ៗគ្នា រួមមកក្រុមការងារចុះស្រាវជ្រាវទប់ស្កាត់ ករណីសន្លប់របស់កម្មករនិយោជិត និងបង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក) បានរកឃើញចំនួន៣ចំណុច ដែលនាំឲ្យកម្មករសន្លប់។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀងនៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះថា ក្រុមការងារបានចុះស្រាវជ្រាវករណីកម្មករសន្លប់ នៅរោងចក្រផលិតអំពូលភ្លើងនៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ដោយបានធ្វើការត្រួតពិនិត្យវាស់ស្ទង់ទាំងក្នុង និងខាងក្រៅរោងចក្រ។
ពេលចុះពិនិត្យរួចមក ក្រុមការងារ ទ.ស.ប.ក សង្កេតឃើញថា ករណីខាងលើនេះបណ្តាលមកពីកត្តា៣រួមមាន៖
*ទី១៖ មានសភាពហប់ក្នុងអគារផលិតកម្ម
*ទី២៖ បញ្ហាសុខភាពផ្ទាល់ខ្លួនរបស់កម្មករនិយោជិត
*ទី៣៖ អារម្មណ៍ភិតភ័យតក់ស្លុតតៗ គ្នារបស់កម្មករនិយោជិត។
លោកបានបន្តថា ចំណែកវិធានការចំពោះសហគ្រាស គ្រឹះស្ថាននោះក្រុមការងារឲ្យលោកនាយករោងចក្រ ត្រូវធ្វើកែលម្អត្រូវបើកបង្អួចទាំងអស់ ក្នុងពេលបំពេញការងារក្នុងអគារផលិតកម្ម ឲ្យស្របតាមប្រកាសលេខ១២៥ ស.ក.ប.យ និងអប់រំអំពីការទទួលទានចំណីអាហារឲ្យបានត្រឹមត្រូវ ព្រមទាំងសម្រាកឲ្យបានគ្រប់គ្រាន់ក្នុងរយៈពេល ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានានូវសុខភាពល្អរបស់កម្មករនិយោជិត។
លោកបានបន្ថែមថា «និយោជកត្រូវផ្តល់កិច្ចការសហការជាមួយ ប.ស.ស ដើម្បីរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអប់រំអំពីលក្ខខណ្ឌ អនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ព្រមទាំងត្រូវអនុញ្ញាតឲ្យកម្មការិនី ដែលបានទទួលរងគ្រោះចំនួន៧២នាក់ ឲ្យចូលធ្វើការងារវិញនៅថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យរោងចក្រ រដ្ឋបាលប្រចាំរោងចក្រ ប្រតិភូបុគ្គលិក មន្ត្រី ប.ស.ស សាខាខេត្តស្វាយរៀង និងតំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង ព្រមទាំងផ្អាកការងារបន្ថែមម៉ោងមួយរយៈ។
ចំណែកកម្មករនិយោជិត ដែលគ្មានករណីសន្លប់ឲ្យចូលធ្វើការងារវិញនៅថ្ងៃអង្គារទី៩ ខែមិថុនា ឆ្នាំ២០២០ ហើយករណីនាយករោងចក្រខកខានមិនបានអនុវត្តនូវវិធានការខាងលើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានផងដែរ។
សូមបញ្ជាក់ថា កម្មករនិយោជិតនៅរោងចក្រផលិតអំពូលភ្លើងនេះ មានកម្មករសរុបចំនួន១៩១១នាក់ (ស្រី១២៤២នាក់) បរទេស២៦ (ស្រី១នាក់) ចំនួនអ្នករងគ្រោះកម្មការិនីសរុបចំនួន៧២នាក់ ដោយលើកទី១ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ មានកម្មករសន្លប់៤៣នាក់ (ស្រី៤៣នាក់) លើកទី២ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ មានកម្មករសន្លប់ចំនួន៧នាក់ (ស្រី៧នាក់) លើកទី៣ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ មានកម្មករសន្លប់២២នាក់ស្រីទាំង២២នាក់៕