(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញលេខទូរស័ព្ទរបស់មន្រ្តីនគរបាល តាំងពីថ្នាក់ស្នងការរង នាយការិយាល័យ និងអធិការរង ជូនប្រជាពលរដ្ឋ សម្រាប់ទាក់ទងធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការបង្ហាញលេខទូរស័ព្ទមន្ត្រីនគរបាល ដែលទទួលកិច្ចការនេះ គោលដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់ងាយស្រួលទាក់ទង នៅពេលគាត់មានបញ្ហាចម្ងល់ផ្សេងៗ ទាក់ទងទៅនឹង សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរផងដែរ។
សូមបញ្ជាក់ថា កន្លងមកនេះ ប្រជាពលរដ្ឋមួយចំនួនបានត្អូញត្អែរទៅលើការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណ ដោយមន្ត្រីខ្លះមានការយឺតយ៉ាវ ក្នុងការបម្រើសេវាសាធារណៈទាំងនេះជូនពួកគាត់។ បន្ថែមលើនេះ ប្រជាពលរដ្ឋក៏បានរិះគន់ថា មានមន្ត្រីមួយចំនួនបានទាមទារប្រាក់ពីលើការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណផងដែរ ហើយបើសិនជាប្រជាពលរដ្ឋផ្តល់ប្រាក់តាមការទាមទារ ទើបការធ្វើលិខិតទាំងនេះបានឆាប់រហ័ស៕
ប្រជាពលរដ្ឋអាចធ្វើការទំនាក់ទំនងទៅលោកស្នងការរង នាយការិយាល័យ និងអធិការរងទទួលកិច្ចការនេះ ដូចមានភ្ជាប់បញ្ជាក់តាមបណ្តាខណ្ឌ និងលេខទូរស័ព្ទក្នុងតារាងខាងក្រោម៖