(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាសមាគមអតីតយុទ្ធជនកម្ពុជា បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តកណ្តាល ឱ្យបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរបស់អតីតយុទ្ធជននៅក្នុងខេត្តកណ្តាល។

ការក្រើនរំលឹករបស់លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងក្នុងពេលអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយសប្បុរសពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្រ ស្នងការដ្ឋាននគរបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជកម្ពុជាខេត្តនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា ភូមិស្លាបតាអោន ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ កិច្ចសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីស្នងការរង លោកអធិការ ក្រុង-ស្រុកទាំង១១ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

ក្នុងជំនួបនេះលោកទេសរដ្ឋមន្ត្រី បានរំលឹកពីគុណបំណាច់របស់អតីតយុទ្ធជនកម្ពុជា ចំពោះសង្គមជាតិ ដោយបានបញ្ជាក់ថា អតីតយុទ្ធជន គឺសុទ្ធតែជាអ្នកដែលបានលះបង់ និងពលីកម្មយ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

លោក គន់ គីម បានបញ្ជាក់ថា ដោយគុណបំណាច់មិនអាចកាត់ថ្លៃបាននេះហើយ ទើបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងបានតម្កល់សុខទុក្ខរបស់អតីតយុទ្ធជនខ្ពស់ជានិច្ច ហើយតែងតែដោះស្រាយរាល់តម្រូវការរបស់អតីតយុទ្ធជនកម្ពុជា។

ដើម្បីតបស្នងសងគុណអតីតយុទ្ធជន និងសម្រេចនូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន, ក្នុងកិច្ចសំណេះសំណាលនេះ លោកអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តកណ្តាល ត្រូវតាមដានឱ្យបានជាប់ជាប្រចាំចំពោះការរស់នៅរបស់អតីតយុទ្ធជន និងឧស្សាហ៍ចុះតាមខ្នងផ្ទះរបស់ពួកគាត់ ដើម្បីបានដឹងពីទុក្ខលំបាក និងតម្រូវការផ្សេង ហើយត្រូវតែឆ្លើយតបឱ្យបានទាន់ពេលវេលា។

លោក គន់ គីម ក៏បានណែនាំឱ្យចុះអប់រំណែនាំដល់អតីតយុទ្ធជនឱ្យអនុវត្តន៍តាមវិធានណែនាំទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការសុខភាពពីជំងឺកូវីដ១៩។

បើទោះបីជាយ៉ាងណា លោកទេសរដ្ឋមន្ត្រី គន់ គីម បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការខេត្ត ស្នងការរង និងអធិការក្រុង ស្រុក ដែលបានសហការការគ្នាខិតខំសម្រេចរាល់ភារកិច្ច និងបានដោះស្រាយបញ្ហាប្រឈម ដែលកើតមាននៅមូលដ្ឋានបានទាន់ពេលវេលា។

សូមបញ្ជាក់ថា ក្នុងជំនួបសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្រ ក៏បាននាំយកថវិការបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្រមាណ ៥ពាន់ដុល្លារ ដើម្បីជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន៕