(ស្ទឹងត្រែង)៖ កម្មករធ្វើការនៅក្រុមហ៊ុនអង្គរបាណាណាជាង៣០០នាក់ ក្នុងភូមិឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ នៅទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ បានមកតវ៉ាមុខស្នាក់ការក្រុមហ៊ុន អង្គរបាណាណា និងស្នើឱ្យមន្ទីរបណ្តុះបណ្តាលការងារ និងវិជ្ជាជីវៈខេត្ត ចុះទៅពិនិត្យនិងជួយដោះស្រាយការងាររបស់កម្មកនៅក្រុមហ៊ុនផលិតចេកអំបូងនេះផងដែរ ព្រោះមេការមកថ្មីប្រើប្រាស់កម្មករមិនបានអនុវត្តតាមកិច្ចសន្យាការងារ។
លោក ឈាន សំណាង តំណាងឲ្យកម្មករ បានស្មើលោកប្រធានមន្ទីរបណ្តុះបណ្តាលការងារ និងវិជ្ជាជីវៈខេត្ត អញ្ជើញទៅពិនិត្យសកម្មភាពការងារកម្មករផង ព្រោះពួកគាត់រងផលកៀប សង្កត់ពីមេការវៀតណាម ដោយប្រើប្រាស់កម្មករមានអាកប្បកិរិយាមើលងាយមកលើកម្មករ ប្រើពាក្យអសុរសមកលើកកម្មករ និងមិនគោរពតាមកិច្ចសន្យាឡើយ។
លោកបន្តថា នេះជាមេការថ្មីចូលមកបំពេញការងារមិនទាន់បាន២ខែផង ហ៊ានប្រមាថមើលងាយ ហើយដកការងារមិនឱ្យកម្មករ ថែមទាំងប្រាក់ខែបើកមិនបានទៀងទាត់ និងហ៊ានជ្រើសរើសកម្មករថ្មីរបស់ខ្លួន ចូលមកធ្វើការ និងផ្អាកការងារកម្មករចាស់ ឱ្យធ្វើមួយថ្ងៃឈប់មួយថ្ងៃ ធ្វើឱ្យពួកគាត់បាត់បង់ប្រាក់ចំណូល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
លោក ប៊ួ ភិរុន ប្រធានមន្ទីរបណ្តុះបណ្តាលការងារ និងវិជ្ជាជីវៈខេត្ត បានសំណូមពរឱ្យកម្មករធ្វើការអត់ធ្មត់ និងសូមឱ្យបំបែកហ្វូងចេញពីមុខទីស្នាក់ការរបស់ក្រុមហ៊ុន ដើម្បីទុកឱកាសឱ្យមន្ត្រីស្ថាប័នមានសមត្ថកិច្ច ដោះស្រាយជូននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ ព្រោះនៅថ្ងៃនេះលោកជាប់រវល់ប្រជុំនៅខេត្ត។
លោក ហ៊ វ៉ាងយុង មេការចំការចេកអង្គរបាណាណា បានចេញមុខមកសម្របសម្រួលជាមួយកម្មករដែរ តែមិនបានដោះស្រាយបញ្ហា ដែលកម្មករចង់បាននោះទេ។
សូមបញ្ជាក់ថា កម្មករធ្វើការនៅចំការចេកនេះ ចង់បានការងារធ្វើគ្រប់គ្រាន់ ហើយបើកប្រាក់ខែឱ្យបានគ្រប់ និងទៀងទាត់ ហើយមិនត្រូវបញ្ឈប់ពួកគាត់ជាកម្មករចាស់នោះទេ ព្រោះពួកគាត់មកពីបណ្តាខេត្តនានា មកលក់កម្លាំងពលកម្មនៅទីនេះ សម្រាប់យកប្រាក់ដោះស្រាយជីវភាព៕