(ស្ទឹងត្រែង)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ បានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន៥០ លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម សិប្បកម្ម ធ្វើវារីវប្បកម្ម ក្រុមផលិតសហគមន៍កសិកម្ម សរុបម្រមាណ៣០០នាក់ នៅរដ្ឋបាលខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមជាអធិបតីពីលោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត, ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលស្រុក និងប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តផងដែរ។
លោក កៅ ថាច បានធ្វើការជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបអំពីតួនាទី និងបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, អំពីស្ថានភាពសេដ្ឋកិច្ច និងផលប៉ះពាល់មួយចំនួនដោយសារការរាតត្បាតជំងឺ កូវីត ១៩ និងបញ្ហា EBA ដែលកំពុងកើតមាននៅលើពិភពលោក និងនៅប្រទេសកម្ពុជា និងអំពីមូលហេតុ និងដើមហេតុដែលរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចទំលាក់កញ្ចប់ហិរញ្ញប្បទានពិសេស ចំនួន៥០លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
លោកបញ្ជាក់ថា ហិរញ្ញប្បទានពិសេសនេះ ដើម្បីធ្វើការផ្តល់ឥណទានជូនដល់ដល់បងប្អូនប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម នៅទូទាំងប្រទេសកម្ពុជា ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។
លោកអគ្គនាយកក៏បានបញ្ជាក់ផងដែរអំពីគោលការណ៍ឥណទាន និងនិតីវិធីដើម្បីទទួលបានឥណទានក្នុងគម្រោងហិរញ្ញប្បទានពិសេសនេះ។
លោក កៅ ថាច ក៏បានធ្វើការចែករំលែកនូវបទពិសោធន៍ល្អៗមួយចំនួនអំពីបច្ចេកទេសនៃការដាំដុះបន្លែ ការចិញ្ចឹមសត្វ និងធ្វើការប្រៀបធៀបអំពីភាពជឿនលឿននៃវិស័យកសិកម្មនៅបណ្តាលប្រទេសមួយចំនួនដែលលោក ធ្លាប់បានទៅទស្សនកិច្ចសិក្សានាពេលកន្លងមកជូនដល់បងប្អូនបានជ្រាប។
លោកបានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូនកសិករចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដាំដុះបន្លែ អោយរៀបចំផែនការដាំដុះ ផែនការចញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារអោយបានតាមតម្រូវការ និងមាននិរន្តរភាពទីផ្សារ និង ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ហើយការណ៍នេះនឹងរួមចំណែកដោះស្រាយលើបញ្ហាទីផ្សារដែលជាកង្វល់របស់បងប្អូនកសិករផងដែរ។
លោក កៅ ថាច បានអនុញ្ញាតអោយបងប្អូនឡើងសួរសំនួរ ផ្សេងៗពាក់ព័ន្ធនឹងនីតិវិធីដើម្បីទទួលបានឥណទាន លើបញ្ហាទីផ្សារ បច្ចេកទេសដាំដុះជាដើម ហើយលោកបានឆ្លើយតប និងពន្យល់នូវចម្ងល់របស់បងប្អូន ដោយផុសផុល ប្រកបដោយភាពស្និទ្ធស្នាល៕