(ភ្នំពេញ)៖ កិច្ចពិភាក្សាលើការធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ជិតដល់ទីបញ្ចប់ ហើយអាចឈានទៅដល់ការចុះកិច្ចព្រមព្រៀងជាមួយគ្នានៅចុងឆ្នាំ២០២០នេះហើយ។ បើកិច្ចព្រមព្រៀងនេះលេចចេញជារូបរៀង កម្ពុជារំពឹងថា នឹងមានកំណើននៃការនាំចេញទៅកាន់ប្រទេសចិនប្រមាណជា ២០ភាគរយ។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារចរចាលើការធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានជួបប្រជុំគ្នាជាថ្មីម្តងតាមរយៈប្រព័ន្ធវីដេអូ។ នេះជាកិច្ចប្រជុំលើកទី៣រវាងក្រុមការងារទាំងពីរ។
ក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងបានគូសបញ្ជាក់ថា កិច្ចប្រជុំដែលភាគីកម្ពុជាដឹកនាំដោយ សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ពុជា និងភាគីចិនដឹកនាំដោយលោក យ៉ាង ចឹងវ៉ី អគ្គនាយករងក្រសួងពាណិជ្ជកម្ម បានពិភាក្សាផ្តោតជាសំខាន់ទៅលើការបើកច្រកទីផ្សារផ្នែកទំនិញ សេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-បច្ចេកទេស និងផ្នែកនីតិកម្ម ដែលនឹងជំរុញការនាំចេញទំនិញពីកម្ពុជា និងទាក់ទាញវិនិយោគបរទេសឱ្យកាន់តែកើនឡើងថែមទៀត។
ក្នុងកិច្ចពិភាក្សានេះក្រុមការងារបច្ចេកទេសទាំង១០ក្រុម ក៏បានរាយការណ៍ពីវឌ្ឍនភាពសម្រេចបាន និងស្នើសុំអនុសាសន៍លើបញ្ហាប្រឈមផ្នែកបច្ចេកទេសច្បាប់ និងគោលនយោបាយពីប្រធាន ក្រុមអ្នកចរចានៃប្រទេសទាំងពីរផងដែរ។
ក្នុងសេចក្តីប្រកាសព័ត៌មានបន្តថា ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ ក្រុមការងារចរចាបានដោះស្រាយបញ្ហាសេសសល់ទាំងស្រុងនៃអត្ថបទកិច្ចព្រមព្រៀង ហើយក៏បានឯកភាពលើគោលការណ៍ សំខាន់ៗ ទាក់ទងនឹងការបើកច្រកទីផ្សារផ្នែកទំនិញ និងសេវាកម្មផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា ក្រុមការងារនឹងស្នើសុំគោលការណ៍ពីរដ្ឋាភិបាលទាំងសងខាង ដើម្បីផ្តល់ការយល់ព្រមលើអត្ថបទកិច្ចព្រមព្រៀង និងសំណើបើកច្រកទីផ្សារ ព្រមទាំងជំពូកផ្សេងៗ ដើម្បីធ្វើការសម្រេចចិត្តប្រកាសបិទបញ្ចប់ការចរចា និងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅចុងឆ្នាំ២០២០នេះ។
ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ជាគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី គឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង។ ការផ្តួចផ្តើមបង្កើតនូវកិច្ចព្រមព្រៀងនេះ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ សម្រាប់ជាឧត្តមប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងពីរ។
បើកិច្ចព្រមព្រៀងទទួលបានជោគជ័យ វានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងហើយសម្រាប់កម្ពុជា។ ក្រសួងពាណិជ្ជកម្មបានអះអាងថា ផ្អែកលើគោលការណ៍រួមដែលបានឯកភាពគ្នាដោយក្រុមចរចានោះ ប្រសិនបើរដ្ឋាភិបាលប្រទេសទាំងពីរឯកភាពលើអត្ថបទនៃកិច្ចព្រមព្រៀង និងការបើកច្រកទីផ្សារដែលបានស្នើឡើងនោះ កំណើននាំចេញពីកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងប្រមាណ ២០ភាគរយ។
ជាមួយគ្នានេះកំណើនវិនិយោគពីបរទេសក៏ត្រូវបានរំពឹងថា នឹងកើនឡើងខ្លាំងដែលជាប្រភពចំណូល និងការងារជូនប្រជាជនកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ៕