(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ និងក្រោយពីបានអញ្ជើញពិនិត្យសំណង់អគាររដ្ឋបាលថ្មី របស់សាលាខេត្តកំពង់ចាម បានសម្រេចធ្វើការសាងសង់អគារនេះបន្ត បន្ទាប់ពីបានផ្អាកការសាងសង់មួយរយៈកន្លងទៅ។
ក្នុងពេលចុះត្រួតពិនិត្យនោះ លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ដោយសារមើលឃើញពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើការងារនៅសាលាខេត្ត និងដើម្បីផ្តល់កន្លែងសមរម្យ ជូនដល់មន្ត្រីក្នុងការបំពេញការងារប្រចាំថ្ងៃ សម្រាប់បម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋ និងសាធារណជន ដែលមកទទួលសេវាសាធារណៈនៅសាលាខេត្ត គណៈអភិបាលបានឯកភាព និងអនុញ្ញាតិឲ្យបន្តការសាងសង់អាគាររដ្ឋបាលថ្មីនេះបន្តទៀត ដែលការដ្ឋានសាងសង់ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។
គូសបញ្ជាក់ថា គម្រោងសាងសង់អាគាររដ្ឋបាលសាលាខេត្ត ត្រូវបានសាងសង់ឡើងពីគ្រោងបេតុងអាម៉េ ជញ្ជាំងរៀបឥដ្ឋ និងដំបូលប្រក់ក្បឿងទំហំបណ្តាយ ៥៣,២៥ម៉ែត្រ ទទឹង ២៤ម៉ែត្រ និងកំពស់ ២៤,៥៧ម៉ែត្រ មានទីតាំងក្នុងបរិវេណសាលាខេត្ត នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម៕