(ក្រចេះ)៖ នៅក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករ និងបំពាក់គ្រឿងឥស្សរយសជូនមន្ត្រីរាជការនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអះអាងថា នាពេលខាងមុខនេះនឹងមានស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តក្រចេះមួយខ្សែ។
លោកទេសរដ្ឋមន្ត្រី បញ្ជាក់ថា គម្រោងសាងសង់ស្ពាននេះ នឹងរួមចំណែកជំរុញកំណេីនសេដ្ឋកិច្ចក្នុងតំបន់ និងប្រទេសតាមរយ: ការសម្រួលការដឹកជញ្ជូន ទំនិញ និងកសិផល ជាពិសេសផ្សារភា្ជប់ទំនាក់ទំនងរវាងបងប្អូនប្រពលរដ្ឋពីត្រេីយ ទៅត្រេីយម្ខាងទៀត មានភាពរហ័ស ចំនេញពេល វេលា និងចំនេញថវិកា ។
បន្ទាប់ពីថ្លែងអះអាងយ៉ាងដូចនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានក្រើនរំលឹកពីសមិទ្ធផលនានាដែលក្រសួងសម្រេចបានកន្លងមកទាក់ទងនឹងការផ្ដល់សេវាសាធារណៈតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ការផ្តល់នូវសេវាសាធារណៈដោយដើម្បីបង្ខិតសេវាទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀកចល័ត សេវាប្តូរបណ្ណបើកបរ សេវាពន្យាបណ្ណបើកបរ កម្មវិធីថែទាំផ្លូវ ROAD Care Mobile App និងបានជំរុញឱ្យមន្ត្រីទាំងអស់ ត្រូវផ្តល់សេវាជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ។
លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះទាំងអស់អនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ ដូចជាការលាងដៃនឹងសាប៊ូឱ្យញឹកញាប់ រក្សាគម្លាត និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពី កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាកត្តាដ៏សំខាន់មិនអាចខ្វះបានក្នុងការទាក់ទាញវិនិយោគិនពីបរទេសបង្កើតការងារជូនប្រជាពលរដ្ឋ ទាក់ទាញអ្នកទេចរណ៍ ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រជាពលរដ្ឋអាចកាត់បន្ថយភាពក្រីក្រផងដែរ។
លោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ បុគ្គលិក កម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះទាំងអស់នូវពាក្យស្លោកពីរឃ្លាថា «សូមកុំសួរថាកម្ពុជាធ្វើអ្វីឱ្យយើង ត្រូវសួរថាយើងធ្វើអ្វីឱ្យកម្ពុជា» និងមួយឃ្លាទៀតថា «សំដីឥតប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមាន ប្រសិទ្ធភាពនាំជាតិរុងរឿង»៕