(ព្រះវិហារ)៖ បើទោះបីជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្លាក់ចុះមួយចំនួនធំដោយសារតែបញ្ហាវីរុសកូវីដ១៩ ដែលកំពុងតែរាតត្បាតនៅទូទាំងពិភពលោក និងប្រទេសកម្ពុជាក្តី ប្រជាសហគមន៍ នៅក្នុងតំបន់សហគមន៍ទេសចរណ៍ធម្មជាតិ «ត្មាតប៉ើយ» ធឿន ក្រសាំង នៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត នៅក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ នឹងបន្តបេសកកម្មរបស់ខ្លួនជានិច្ច មិនរុញរាជាដាច់ខាត ដើម្បីចូលរួមអភិរក្សសត្វស្លាប ដ៏កម្រ និងសត្វស្លាបជិតផុតពូជមួយចំនួន ក្នុងតំបន់ខ្ពង់រាបខាងជើងរបស់កម្ពុជា។
តំបន់សហគមន៍ទេសចរណ៍ «ត្មាតប៉ើយ» ធឿន ក្រសាំង ដែលមានវិសាលភាពផ្ទៃដី២១,៤០០០ហិកតា ស្ថិតក្រោមការជួយជ្រោមជ្រែងពីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)។
លោក ឌឹប គឹមអោន ប្រធានសហគមន៍ ទេសចរណ៍ «ត្មាតប៉ើយ» ធឿន ក្រសាំង បានរំឭកពីអតីតកាលយ៉ាងដូច្នេះថា៖ «សហគមន៍ទេសចរណ៍ «ត្មាតប៉ើយ» បានកើតឡើងបែបកវែកកឆ្នាំងដំបូងនៅឆ្នាំ២០០៣ ខណ:មកដល់ឆ្នាំ២០០៤ មានការទទួលស្គាល់ដោយក្រសួងបរិស្ថាន»។
លោក ឌឹប គឹមអោន ដែលមានវ័យ៥០ឆ្នាំនប្លាយ បានឱ្យដឹងថា ដើម្បីការពារព្រៃឈើ និងសត្វព្រៃឱ្យបាន គង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ លោកបានចូលរួមជាមួយសហគមន៍ ទេសចរធម្មជាតិត្មាតប៉ើយ យ៉ាងសស្រាកស្រាំងតាំពីដំបូងក្នុងនាមជា គណៈកម្មការមួយរូប។ លោកបានដឹកនាំសមាជិកសហគមន៍ចុះល្បាតព្រៃ និងរៀបចំការប្រជុំ ដើម្បី អប់រំអ្នកភូមិ អំពី សារៈសំខាន់ព្រៃឈើ និងសត្វព្រៃ។
លោក ឌឹប គឹមអោន រំឮកបន្តទៀតថា៖ «ដំបូង ខ្ញុំគិតថាវាពិតជាលំបាកខ្លាំងណាស់ក្នុងការផ្លាស់ប្តូរការគិត និងធ្វើឱ្យអ្នក ភូមិត្មាតប៉ើយយល់ដឹងអំពីសារៈព្រៃឈើ និងសត្វព្រៃ ពីព្រោះពួកគេពឹងអាស្រ័យលើធនធានធម្មជាតិ ទាំងអស់ នោះ ដើម្បីចិញ្ចឹមជីវិតអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ ប៉ុន្តែ ខ្ញុំបានប្តេជ្ញាចិត្តថាដោះស្រាយបញ្ហានេះ ឱ្យខានតែបានដើម្បីការពារធនធានធម្មជាតិនៅជុំវិញភូមិសម្រាប់ក្មេងៗជំនាន់ក្រោយ»។
នៅក្នុងឆ្នាំ២០០៦ លោក ឌឹប គឹមអោន ត្រូវបានសមាជិកសហគមន៍បោះឆ្នោតជ្រើសរើសឱ្យក្លាយជា ប្រធាន សហគមន៍ទេសចរធម្មជាតិ ត្មាតប៉ើយ។ ក្នុងតួនាទីនេះ លោកបានដឹកនាំសមាជិកសហគមន៍ការពារព្រៃឈើ និង សត្វព្រៃ និងពង្រីកគម្រោង ទេសចរ ធម្មជាតិ នៅត្មាតប៉ើយដើម្បីជួយសមាជិកសហគមន៍ស្វែងរកប្រាក់ ចំណូល បន្ថែម ដើម្បីចិញ្ចឹមគ្រួសារ។
គម្រោងទេសចរ ធម្មជាតិនេះ ដំណើរការទៅមុខបានយ៉ាងល្អ ដោយចំនួន ភ្ញៀវទេសចរមកកាន់ត្មាតប៉ើយចេះតែមានការកើន ឡើង ជា រៀង រាល់ឆ្នាំ។ ក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរ អន្តរជាតិ និងជាតិជាច្រើននាក់បានមកកាន់ត្មាតប៉ើយ ដែលជួយឱ្យសហគមន៍ទេសចរ រក ចំណូលបានជាង ៣ម៉ឺនដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ភូមិ។
លោក ឌឹប គឹមអោន បានឱ្យដឹងដែរថា នៅឆ្នាំ២០១៨ សហគមន៍ តំបន់ការពារ ធម្មជាតិ «ត្មាតប៉ើយ» ធឿន ក្រសាំង ទទួលបានជយលាភី «សហគមន៍ទេសចរណ៍គំរូ» សម្រាប់ ឆ្នាំ២០១៨-២០១៩ ពីក្រសួងទេសចរណ៍ ផងដែរ។
លោកថា៖ «យើងមានបុគ្គលិកទាំងអស់សុទ្ធតែ នៅក្នុងសហគមន៍ និងមានជីវភាពខ្វះខាតចូលរួមធ្វើការដោយពួកគាត់ធ្វើជាអ្នកនាំភ្ញៀវ និងជាអ្នកសម្អាតបន្ទប់ជាដើម។ «យើងបានចូលរួមអភិរក្សសត្វស្លាប តាមរយៈយាមសម្បុកកុំឲ្យពលរដ្ឋចាប់វា និងយកសម្បុកដោយយើងបានផ្តល់ថវិកាឱ្យគាត់មើលថែអប់រំ ប្រជាពលរដ្ឋឱ្យយល់ដឹង និងការពារសត្វស្លាប ដែលជាសត្វកម្រជិតផុតពូជពីផែនដីយើងនេះ»។
លោកបានបញ្ជាក់ថា មុននឹងបង្កើតឱ្យមានសហគមន៍នេះឡើង ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ បានប្រកបមុខរបរបរបាញ់សត្វ កាប់ព្រៃឈើ រកអនុផលព្រៃឈើ នេសាទត្រី និងប្រកបរបរផ្សេងៗ ក៏ប៉ុន្តែ បន្ទាប់ពីបង្កើតមកប្រជាជននៅក្នុងតំបន់នេះ ភាគច្រើនបានយល់ដឹងពីគុណសម្បត្តិនៃធនធានធម្មជាតិ ផងដែរ៕