(រតនគិរី)៖ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន និងលោកស្រី Ailan Li ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោក ថង សាវុន អភិបាលខេត្តរតនគិរី បានរួមគ្នាបើកកិច្ចប្រជុំមួយ ក្នុងសាលប្រជុំសាលាខេត្ត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ដើម្បីជំរុញក្នុងការទប់ស្កាត់ ការផ្ទុះឡើងរលកទី២នៃជំងឺកូវីដ១៩ ព្រមទាំងការកម្ចាត់ជំងឺគ្រុនចាញ់ និងគ្រុនឈាមផងដែរ។
ក្នុងឱកាសនេះ លោកស្រី ឱ វណ្ណឌីន បានជំរុញឲ្យអាជ្ញាធរខេត្ត ជួយរួមសហការគ្នាជាមួយមន្ទីរសុខាភិបាល ដើម្បីធ្វើការទប់ស្កាត់កុំឲ្យកើតមាន ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ដែលជារលកទី២ ក្នុងខេត្តភាគឥសាន្តនេះ។ បន្ថែមលើនេះទៅទៀត លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ខេត្តរតនគិរី គឺជាគោលដៅទេសចរណ៍យ៉ាងសំខាន់ ដែលសព្វថ្ងៃមានការលំហូរចូលភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ហើយអ្នកទេសចរណ៍ជាច្រើន មកលេងខេត្តនេះ កំពុងមានការធ្វេសប្រហែស ដោយពុំបានពាក់ម៉ាសត្រឹមត្រូវនោះទេ។
លោកស្រីបានធ្វើការអំពាវនាវយ៉ាងទទួចដល់អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ ធ្វើយ៉ាងណាចុះណែនាំដល់ផ្ទះសំណាក់ អូតែល អាហារដ្ឋាន រមណីយដ្ឋាន សូមធ្វើការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យមានអនាម័យត្រឹមត្រូវ។ ជាពិសេសភ្ញៀវចូលមកកម្សាន្តទីនេះ កុំលែងដៃឲ្យសោះ។
នាឱកាសនោះ លោក ថង សាវុន ក្នុងនាមអាជ្ញាធរខេត្ត បានសន្យាថា នឹងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩នេះ បន្ថែមទៀត តាមរយៈជំរុញការផ្សព្វផ្សាយឲ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍ ដោយធ្វើចត្តាឡីស័កប្រជាពលរដ្ឋ ដែលចេញចូលមកពីក្រៅ ក៏ដូចជាអន្តរាគមន៍ទាន់ពេល ចំពោះជនសង្ស័យដែលមានពាក់ព័ន្ធនឹងជំងឺនេះ។
ជាងនេះទៅទៀត លោក ថង សាវុន បានសំណូមទៅ លោកស្រី Ailan Li ជួយឧបត្ថម្ភសម្ភារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរដ្ឋបាលខេត្តកំពុងមានការខ្វះខាត។
ក្រោយបញ្ចប់កិច្ចប្រជុំព្រឹក លោកស្រី ឱ វណ្ណឌីន និងលោកស្រី Ailan Li ព្រមទាំងក្រុមការងារ បន្តទៅជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរសុខាភិបាល និងពិនិត្យមើលមន្ទីរពេទ្យបង្អែកខេត្ត (បន្ទប់ ISOLATION) និងជួបសំណេះសំណាលជាមួយមន្ត្រី មន្ទីរពេទ្យបង្អែកខេត្តរតនគិរីផងដែរ៕