(ស្វាយរៀង)៖ យ៉ាងហោចណាស់ មានផ្ទះប្រជាពលរដ្ឋ៣៣ខ្នង ត្រូវដួលរលំរាបដល់ដី និងរងផលប៉ះពាល់របើកដំបូល បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង តែមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស និងសត្វនោះទេ។
ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើងកាលពីវេលាម៉ោង២៖៥០នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅឃុំក្រោលគោឃុំស្វាយអង្គ និងឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
មន្ត្រីសាលាស្រុកស្វាយជ្រំ បានឲ្យដឹងថា មុនពេលកើតហេតុ មានករណីភ្លៀង និងខ្យល់កន្ត្រាក់មួយកើតឡើង បណ្ដាលឲ្យឃុំចំនួន៣ នៅស្រុកស្វាយជ្រំដួលរលំផ្ទះ៤ខ្នង និងរបើកដំបូល២៩ខ្នង។
ក្នុងចំណោមផ្ទះខូចខាតទាំង៣៣ខ្នងនោះ មានម្ចាស់ផ្ទះឈ្មោះ ពៅ ហឿន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិស្វាយអង្គ ឃុំស្វាយអង្គរ បានឲ្យដឹងថា ផ្ទះគាត់រលំទាំងស្រុង។
ចំណែកឃុំគោកព្រីង មានរបើកដំបូល១ខ្នង និងឃុំក្រោលគោ រលំទាំងស្រុង៣ខ្នង រួមមាន៖ ម្ចាស់ផ្ទះឈ្មោះ ខឹម សារី ភេទប្រុស អាយុ៥៣ឆ្នំា រស់នៅភូមិបឹងរ៉ៃខាងត្បូង, ម្ចាស់ផ្ទះឈ្មោះ មាន ឃាំងរៀម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃធ្នង់, និងម្ចាស់ផ្ទះឈ្មោះ ម៉ៅ ហ៉ច ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិព្រៃខ្លា។
ប្រភពបន្តថា សម្រាប់ផ្ទះ២៨ខ្នងទៀត នៅក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ របើកដំបូលប៉ុន្តែមិនបណ្ដាលឲ្យរងគ្រោះថ្នាក់ដល់អាយុជីវិត និងរងរបួសនោះទេ។
អាជ្ញាធរស្រុកស្វាយជ្រំ បានអំពាវនាវប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងខ្យល់រន្ទះត្រូវរកទីទួលសុវត្ថិភាព កុំចេញទៅតាមវាល ហើយត្រូវបិទទូរស័ព្ទ ទូរទស្សន៍ និងវិទ្យុ ព្រោះវត្ថុអស់ទាំងនេះ ស្រូបចរន្តបណ្តាលឲ្យងាយគ្រោះថ្នាក់ ដែលកើតឡើងជាយថាហេតុ៕