(ភ្នំពេញ-ស្ទឹងត្រែង)៖ ក្រុមចោរជំនាញលួចលុយតាមកន្លែងវីង និងកន្លែងវេលុយជាច្រើនទៀត ដែលធ្លាប់ធ្វើសកម្មភាពស្ទើរគ្រប់រាជធានី-ខេត្ត នៅទីបំផុតត្រូវកម្លាំងនគរបាលតាមបង្ក្រាបបាន ចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ដល់ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូង។
របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះ ត្រូវកម្លាំងជំនាញតាមបង្ក្រាបនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចវាលរំពេ ភូមិតាកូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយទី១៖ឈ្មោះ ហូ ណាវីន អាយុ៣៧ឆ្នាំ, ទី២៖ឈ្មោះ ផាន់ រ័ត្ន អាយុ៤២ឆ្នាំ និងទី៣៖ឈ្មោះ ពេត ឃុន អាយុ៣៥ឆ្នាំ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យធ្លាប់បានប្រព្រឹត្ដនៅថ្ងៃទី៣ ខែមិថុនា ឆ្នំា២០២០ នៅចំណុចផ្ទះវេលុយវីង ផ្លូវបេតុង ភូមិប្រាសាទ សង្កាត់ស្នោ ខណ្ឌកំបូល បង្កដោយជនសង្ស័យ៥នាក់ បានធ្វើសកម្មភាពចូលទៅទិញទំនិញនៅកន្លែងវេលុយវីង ឆ្លៀតឱកាសពេលជនរងគ្រោះ កំពុងរវល់លក់ជនសង្ស័យបានចូលទៅកន្លែងទុកលុយ ហើយលួចយកប្រាក់អស់ចំនួន១ម៉ឺនដុល្លារផងដែរ។
បច្ចុប្បន្នជនសង្ស័យបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី រួចបញ្ជូនត្រឡប់ទៅខេត្តស្ទឹងត្រែងវិញ ដើម្បីចាត់តាមច្បាប់៕