(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានចូលរួមកិច្ចប្រជុំជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) ស្តីពីកញ្ចប់ជំនួយបច្ចេកទេសសម្រាប់ស្តារវិស័យទេសចរណ៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោយវិបត្តិ COVID-19 តាមរយ: ប្រព័ន្ធ Video Conference នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ។
កិច្ចប្រជុំនេះ អង្គការទេសចរណ៍ពិភពលោកបានអញ្ជើញលោក ថោង ខុន ធ្វើបទអន្តរាគមន៍ជាមួយរដ្ឋមន្ត្រីទេសចរណ៍នៃបណ្តាប្រទេសមួយចំនួនទៀត ពាក់ព័ន្ធនឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងវិធានការស្តារវិស័យទេសចរណ៍នៅក្រោយវិបត្តិ COVID-19។
នៅក្នុងបទអន្តរាគមន៍នោះ លោក ថោង ខុន បានថ្លែងថា បញ្ហាការរីករាលដាលនៃមេរោគ COVID-19 នៅកម្ពុជាបច្ចុប្បន្ន គឺបានកំពុងបង្កការប៉ះពាលខ្លាំងដល់វិស័យទេសចរណ៍ ក្នុងនោះរាជរដ្ឋាភិបាលដែលមានក្រសួងសុខាភិបាលជាសេនាធិការបាននិងកំពុងផ្តោតការរឹតបន្តឹងខ្លាំងភ្ញៀវអន្តរជាតិ និងកម្មករខ្មែរដែលធ្វើការនៅក្រៅប្រទេស ឆ្លងដែនមកកម្ពុជាវិញ ដោយតម្រូវឲ្យគេធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅពេលមកដល់។
លោក ថោង ខុន បញ្ជាក់ថា កញ្ចប់ជំនួយបច្ចេកទេស សម្រាប់ការស្តារអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញ នៅក្រោយវិបត្តិ COVID-19 នេះរបស់អង្គការទេសចរណ៍ពិភពលោកនេះ គឺមានសារសំខាន់សម្រាប់ការរៀបចំផែនការស្តារអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងទេសចរណ៍ នៅក្រោយវិបត្តិ COVID-19 ខណៈអនាគតពិភពលោករំពឹងថា ទាំងអស់គ្នានៅក្នុងរស់នៅក្នុងតំបន់មួយតាមបែបថ្មីៗ ដែលមានវិស័យទេសចរណ៍មានការរីកចម្រើនខ្លាំង។
លោកបានបញ្ជាក់ថា នៅក្នុងកញ្ចប់ជំនួយបច្ចេកទេស សម្រាប់ការស្តារអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញ នៅក្រោយវិបត្តិ COVID-19 នេះរបស់អង្គការទេសចរណ៍ពិភពលោកនេះ គឺមានឯកសារជាយុទ្ធសាស្ត្រ និងវិធីសាស្ត្រជាច្រើនដែលជាវិធាន និងជាអនុសាស្ត្រជាច្រើន សម្រាប់ដាក់ឲ្យបណ្តាប្រទេសជួបការប៉ះពាលលើវិស័យទេសចរណ៍ធ្វើការអនុវត្ត ដើម្បីស្តារស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញ នៅក្រោយវិបត្តិទេសចរណ៍។
នៅក្នុងកិច្ចប្រជុំ Video Conference របស់អង្គការទេសចរណ៍ពិភពលោកនេះ តំណាងអង្គការសហប្រជាជាតិ និងតំណាងធនាគារពិភពលោក ក៏បានធ្វើបទបង្ហាញអំពីកញ្ចប់ជំនួយបច្ចេកទេសសម្រាប់ស្តារវិស័យទេសចរណ៍ និងពន្យល់អំពីលក្ខណៈនានា ដើម្បីឲ្យបណ្តាប្រទេសអាចទទួលបានកញ្ចប់ហិរញ្ញប្បទានយកទៅអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្រោយវិបត្តិ COVID-19 នេះដែរ។
តាមរបាយការណ៍ អង្គការទេសចរណ៍ពិភពលោក បានអោយដឹងថា នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០នេះ ផលប៉ះពាល់ទេសចរណ៍អន្តរជាតិមានការធ្លាក់ចុះក្នុងអត្រាប្រមាណ ២២% ខាតបង់ប្រាក់ចំណូលក្នុងវិស័យទេសចរណ៍ប្រមាណ ៨០ ពាន់លានដុល្លារ ស្មើនឹងការបាត់បង់ចំនួនភ្ញៀវទេសចរអន្តរជាតិ ៦៧ លាននាក់ ដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺ COVID-19 មានការវិវត្តកាន់តែធ្ងន់ធ្ងរ និងបានបង្ខំឱ្យប្រទេសជាគោលដៅទេសចរណ៍ចំនួន ៩៧ ប្រទេស (ស្មើ៤៥%) បានបិទទាំងស្រុង ឬមួយផ្នែកនៃច្រកព្រំដែនរបស់ខ្លួន។
អង្គប្រជុំបានឲ្យដឹងថា មានប្រទេសចំនួន ៦៥ ប្រទេស (ស្មើ៣០%) បានពន្យារទាំងស្រុង ឬមួយផ្នែកនៃជើងហោះហើរអន្តរជាតិ និង ៣៩ ប្រទេសផ្សេងទៀត (ស្មើ១៨%) បានដាក់ចេញវិធានការរឹតត្បិតការចូលមកដល់របស់ភ្ញៀវទេសចរមកពីបណ្តាប្រទេស ឬតំបន់មួយចំនួន៕