(ព្រះវិហារ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យសត្វត្មាត នៅក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះខ្លាំង ដោយសារការគំរាមកំហែងខ្លាំងបំផុត ពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់។
ការបញ្ជាក់បែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្រោយបញ្ចប់ការបើកការជំរឿនសត្វត្មាតប្រចាំឆ្នាំនៅកម្ពុជា ដែលធ្វើឡើងនៅក្នុងសហគមន៍ដងផ្លិត-អាហារដ្ឋានត្មាត ក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃឆែប ក្នុងស្រុកឆែប ខេត្តព្រះវិហារ ដោយមានការចូលរួមពីអាជ្ញាធរខេត្ត មន្ត្រីគម្រោងព្រៃឡង់បៃតង និងមន្ត្រីជំនាញក្រសួងបរិស្ថាន នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
លោក នេត្រ ភក្ត្រា បានថ្លែងថា ប្រជាសហគមន៍នៅតាមតំបន់មួយចំនួន បានប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំង ដើម្បីចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុលនេះ ក៏ជាមូលហេតុចម្បងដែលបណ្ដាលឱ្យសត្វត្មាតស្លាប់ដែរ ដោយសារតែសត្វត្មាតទាំងនោះស៊ីសាលសពសត្វស្លាប់ ដោយសារតែថ្នាំពុល។
លោកថា សត្វត្មាតជាប្រភេទសត្វកម្រ និងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួនសត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការដៃគូនានា ខិតខំប្រឹងប្រែងការពារ និងអភិរក្សក៏ដោយ។
ដោយសារតែសត្វត្មាតជាសត្វកម្រជិតផុតពូជអស់ពីលើពិភពលោក ហើយកម្ពុជាមានត្រូវបានគេដឹងថា នៅមានសល់សត្វត្មាតច្រើនជាងគេនោះ រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការសមាគមសង្គ្រោះសត្វព្រៃ WCS បានអនុវត្តសកម្មភាពអភិរក្សនៅ តាមតំបន់ការពារធម្មជាតិនានា តាមរយៈការផ្តល់ចំណីបន្ថែម និងការពារសំបុកពងកូន បង្កើនការយល់ដឹងស៊ីជម្រៅ នៃកត្តាប្រឈមដល់សត្វត្មាត។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការជំរឿនសត្វត្មាត បានធ្វើឡើងនៅចំនួន៥ទីតាំងផ្សេងគ្នារួមមាន៖ នៅសៀមប៉ាង ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង នៅអាហារដ្ឋានត្មាតចំណុចវាលបឹងទាល់ ស្ថិតនៅសហគមន៍ព្រៃអណ្តូងដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ នៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី នៅស្រែអង្ក្រងក្នុងតំបន់សេសាន នៅស្ទឹងត្រែង និងដែនជម្រកសត្វព្រៃលំផាត់ នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី។
តាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា ដែលបានចូលរួមសង្កេតដោយផ្ទាល់ នៅនៅអាហារដ្ឋានត្មាតចំណុចវាលបឹងទាល់ ស្ថិតនៅសហគមន៍ព្រៃអណ្តូងដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ សត្វត្មាតចំនួន៣៤ក្បាល បានចុះមកស៊ីសត្វគោងាប់ ដែលជាចំណីរៀបចំបន្ថែម ដោយអង្គការ WCS ក្រោមការឧបត្ថម្ភគាំទ្ររបស់គម្រោងព្រៃឡង់បៃតង ក្នុងនោះសត្វត្មាតផេះចំនួន ៩ក្បាល ត្មាតភ្លើងចំនួន៣ក្បាល និងត្មាតត្មោតចំនួន២២ក្បាល។ សម្រាប់ចំនួនសត្វត្មាតទាំង ៣៤ក្បាលនេះ ឃើញមាននៅក្នុងដែនជម្រកខាងលើ បន្ថែមពីនេះចំនួនសត្វត្មាន ៣ទីតាំងផ្សេងទៀត គឺរងចាំលទ្ធផលធ្វើជំរឿន ដោយឡែកនៅដែនជម្រកសត្វព្រៃលំផាត់ នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ត្រូវបានលុបចោល។ ចំនួននេះ មិនទាន់រាប់បញ្ចូលពីលទ្ធផលជំរឿន នៅតំបន់ផ្សេង ទៀតនៅឡើយទេ។
ការជំរឿនកាលខែធ្នូ ឆ្នាំ២០១៩កន្លងទៅ នៅទីតាំងដដែលនេះមានសត្វត្មាតចំនួន៤៤ក្បាល។ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការធ្វើជំរឿនរាប់ ចំនួនសត្វត្មាតពេលនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីឱ្យបានដឹងចំនួនពិតនៃសត្វត្មាតនៅកម្ពុជា និងស្ថានភាពនៃការវិវត្តជុំវិញចំនួនសត្វត្មាត នៅកម្ពុជា។
បើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា លទ្ធផលជំរឿនសត្វត្មាតនៅឆ្នាំ២០១៩ កន្លងទៅបង្ហាញថាកម្ពុជា មានសត្វត្មាតទាំង ៣ប្រភេទ មានចំនួន ១៣៧ ក្បាលហើយតំបន់ដែលមានសត្វត្មាតច្រើនជាងគេ គឺនៅដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង និងដែនជម្រក សត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ។
ជាមួយគ្នានេះ ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអភិរក្ស និងការពារសត្វត្មាត ដោយបញ្ឈប់សកម្មភាពបរបាញ់ ឬការជួញដូរសត្វព្រៃ។ លោកឱ្យដឹងថា សត្វត្មាតជាសត្វស្លូត និងជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់ សាកសពសត្វផ្សេងទៀតជាអាហារ ហើយការពារ និងអភិរក្សសត្វត្មាតបានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិ ដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជា និងពិភពលោកទាំងមូល ជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរ សម្រាប់ទេសចរណ៍ធម្មជាតិ បង្កើតមុខរបរផ្តល់ចំណូលជូនប្រជាពលរដ្ឋ៕