(ភ្នំពេញ)៖ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះកិច្ចព្រមព្រៀង ជាមួយអង្គការឆាលហ្វានកម្ពុជា (ChildFund Cambodia) ដើម្បីបំពាក់ប្រព័ន្ធអប់រំតាមបែបឌីជីថល (អេឡិចត្រូនិក) ដល់សាលារៀនតាមតំបន់ជនបទ ដើម្បីផ្ដល់លទ្ធភាពដល់កុមារ ក្នុងការបន្តការសិក្សាតាមបច្ចេកវិទ្យាទំនើប។
ពិធីចុះកិច្ចព្រមព្រៀងនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងត្រូវបានចុះហត្ថលេខាដោយលោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងលោក ប្រាស្សាន វើម៉ា (Prashant Verma) នាយកអង្គការឆាលហ្វាន ប្រចាំប្រទេសកម្ពុជា។ ពិធីនេះ រៀបចំធ្វើឡើង នាទីស្ដីការក្រសួងអប់រំ។
សាលាបឋមសិក្សាជនបទចំនួន១៥សាលា នឹងទទួលផលពីគម្រោងសាកល្បងនេះ តាមរយៈការបំពាក់ប្រព័ន្ធមាតិកាឌីជីថល (Content Server) ដែលផ្ទុកទៅដោយឯកសារមេរៀនបែបឌីជីថល និងធនធានអប់រំជាច្រើនពីគេហទំព័រនានា ជាពិសេសគេហទំព័រគ្រូ www.krou.moeys.gov.kh ដែលសិស្សអាចទាញយកមករៀនសូត្រ ដោយមិនចាំបាច់មានប្រព័ន្ធអ៊ីនធឺណិតឡើយ។
បើតាមលោក ប្រាស្សាន វើម៉ា បានបញ្ជាក់ថា គម្រោងនេះ នឹងផ្តល់លទ្ធភាព ដល់សាលាគោលដៅតាមជនបទ អាចប្រើប្រាស់ធនធានអប់រំបែបឌីជីថល ដោយដោះស្រាយបញ្ហា ពុំមានប្រព័ន្ធអ៊ីនធឺណិត សម្រាប់ការអប់រំពីចម្ងាយ។ បច្ចេកវិទ្យាថ្មីនេះ នឹងផ្តល់ឱកាសឲ្យកុមារជនបទ បានស្វែងយល់ពីប្រព័ន្ធអប់រំបែបឌីជីថល និងជួយពង្រឹងសមត្ថភាពគ្រូបង្រៀន ក្នុងការតាមដាន និងវាយតម្លៃសមត្ថភាពរបស់សិស្ស។
នាយកអង្គការឆាលហ្វាន ប្រចាំប្រទេសកម្ពុជា បានបន្ថែមទៀតថា គម្រោងនេះ មិនត្រឹមតែធានាថា កុមារអាចបន្តការសិក្សា ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីត១៩ ប៉ុណ្ណោះទេ តែជាការជួយឲ្យសាលាតាមជនបទត្រៀមខ្លួន សម្រាប់ការវិវឌ្ឍនាពេលអនាគតផងដែរ។
សូមបញ្ជាក់ថា គម្រោងនេះ នឹងត្រូវសាកល្បងតាមសាលាបឋមសិក្សាក្នុងស្រុកស្វាយជ្រំ និងស្រុករមាសហែក ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ គម្រោងនេះ នឹងផ្តោតលើសិស្សពីថ្នាក់ទី១ ដល់ទី៦ ហើយវិធានការកិច្ចការពារកុមារទាំងឡាយ នឹងត្រូវបានដាក់បញ្ចូល ដើម្បីធានាថាសិស្សរៀនសូត្រដោយគ្មានការភ័យខ្លាច៕