(បន្ទាយមានជ័យ)៖ សហគ្រិនវ័យក្មេង ចំណាយថវិកា ក្នុងការរៀបចំកែលម្អសួនមានជ័យ មានដូចជា កន្លែងលេងកីឡា បំពាក់ឧបរកណ៍ហាត់ប្រាណ ផ្សារបន្លែសហគមន៍ (បន្លែសុវត្ថិភាព) ផ្លូវម្ហូបអាហារ ពិសេសកែលម្អបរិវេណសួន ឲ្យកាន់មានភាពទាក់ទាញ់ លើកសម្រស់មុខមាត់ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ បានឃើញពីភាពរីកចម្រើនរបស់ខេត្តបន្ទាយមានជ័យ។
ការរៀបចំទីតាំងសួនមានជ័យនេះ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំខេត្ត ពិសេសនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី ក្រុមការងារសហគ្រិនវ័យក្មេង បានចំណាយថវិកា ដើម្បីចូលរួមចំណែកអភិវឌ្ឍសួនមានជ័យ ដែលនៅចំណ្តាលទីរួមខេត្ត រៀបចំសោភ័ណ្ឌភាព ទាក់ទាញភ្ញៀវទេសចរ ឲ្យមកចូលលេងខេត្ត ពិសេសអ្វី ដែលមិនធ្លាប់មាននោះ គឺផ្លូវចំណីអារហារ ដែលបណ្តុំដោយចំណីអាហារគ្រប់មុខ និងកន្លែងហាត់ប្រាណ រៀបចំសួនដាំដើមឈើ និងផ្សារសហគមន៍ផងដែរ។
លោក សៀក សេដ្ឋា ជាសមាជិកសហគ្រិនវ័យក្មេង បានបញ្ជាក់ថា ដោយមានការគាំទ្រពីនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងលោកស្រី ម៉ៅ ម៉ាល័យ ក៏ដូចជាលោក អ៊ុ រាត្រី អភិបាលខេត្ត បានធ្វើឲ្យក្រុមសហគ្រិន របស់លោក មានទំនុកចិត្ត ក្នុងការរៀបចំកែលម្អសួនមានជ័យ នេះ ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ ចូលមកទស្សនាខេត្ត ក៏ដូចជារមណីដ្ឋានប្រវិត្តសាស្ត្រ ដែលមាននៅក្នុងខេត្តដូចជា៖ ប្រាសាទបន្ទាយឆ្មារជាដើម។
លោកបានបញ្ជាក់ថា ជាមួយនឹងការរៀបចំលម្អសួនមានជ័យ តាមរយៈការបំពាក់ ឧបករណ៍ហាត់ប្រាណ បំពាក់អំពូលភ្លើង វិថីចំណីអាហារនេះ គឺនៅផ្នែកខាងកើត និងខាងត្បូងសួន ក៏មានការបង្កើតផ្សារសហគមន៍ ក្នុងគោលបំណងប្រមូលទិញកសិផល ពីបងប្អូនកសិករដែលបានដាំដុះដូចជា៖ បន្លែបង្កា ត្រីសាច់ផ្សេងៗ ដែលបងប្អូនកសិករបានដាំ និងចិញ្ចឹម យកមកលក់នៅក្នុងផ្សារសហគមន៍ ដោយផ្តោតសំខាន់លើបន្លែសុវត្ថិភាព គ្មានជាតិគីមី ក្នុងន័យជួយលើកកម្ពស់ជីវភាព គ្រួសារបងប្អូនកសិករ ក៏ដូចជាលើកកម្ពស់វិស័យកសិកម្ម តាមរយៈជួយរកទីផ្សារជូនបងប្អូនកសិករ ដែលបានដាំដុះបន្លែសុវត្ថិភាព។
លោក សៀក សេដ្ឋា បានបន្ថែមថា ថវិកាដែលបាន យកមករៀបចំនេះ គឺដោយមានការចូលរួមពីលោកស្រី ឧកញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ពីថ្នាក់ដឹកនាំខេត្ត និងក្រុមការងារសហគ្រិន ក៏ដូចជាអាជីវករជាដើម បានចូលរួមជាថវិកាក្នុងការចូលរួមកែលម្អនេះ មានប្រមាណ៣ម៉ឺនដុល្លាអាមេរិក សម្រាប់យកមកកែលម្អ សួនមានជ័យបន្ថែម។ ហើយចំពោះដំណើរការផ្សារសហគមន៍ លោកបញ្ជាក់ថា គឺត្រូវការរយៈពេលយូរបន្តិច តែចំពោះវិថីចំណីអាហារ គឺគ្រោងនឹងដំណើរការ នាខែកក្កដា ខាងមុខនេះ។
លោក សៀក សេដ្ឋា ក៏បានលើកឡើងថា ក្នុងនាមសហគ្រិន សូមសំណូមពរចំនួន២ ចំណុចដល់បងប្អូនកសិករ ទី១៖ ការដាំដុះ ចិញ្ចឹមសត្វ ត្រូវសមស្រមទៅតាម មាត្រដ្ឋានស្តង់ដា ពិសេសគឺការដាំដុះបន្លែ សុវត្ថិភាពគ្មានជាតិគីមី និងទី២៖ សំណូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរជឿជាក់ លើផលិតផលរបស់ខ្មែរយើង ដែលការដាំដុះគ្មានសារធាតុគីមី។
ជាមួយនឹងការចុះពិនិត្យ មើលជាក់ស្តែងលោកស្រី ឧកញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន គាំទ្រចំពោះការរៀបចំសួនមានជ័យ ដូចជាវិថីចំណីអាហារ និងផ្សាបន្លែសហគមន៍នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដែលឆ្លងកាត់ខេត្ត បានចូលមកលេកំសាន្ត ពិសេសអាចជួយបង្កើនប្រាក់ ដល់បងប្អូនថែមទៀតផង តាមរយៈការលក់ជាវត្ថុអនុស្សាវរីយ៍ជាដើម។
លោកស្រី ក៏បានផ្តល់ជាគំនិតដល់ក្រុមការងារសហគ្រិន ក្នុងការរៀបចំកែលម្អសួននេះ ក្រោយពីបានដំណើរការសូមឲ្យមានការចូលរួម ថែរក្សាអនាម័យបរិស្ថាន ឲ្យបានល្អ ដូចជាកន្លែងទុកដាក់សំរាម ធ្វើយ៉ាងណាកុំឲ្យមានក្លិនស្អុយ ដែលធ្វេីឲ្យប៉ះពាល់បរិស្ថាន ដែលអាចធ្វើឲ្យភ្ញៀវ ដែលបានមកលេងវាយតម្លៃ មកលើខេត្តរបស់យើង៕