(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ញើលិខិតជម្រាបទៅសាកលវិទ្យាធិការ នាយកវិទ្យាស្ថាន ក្រោមឱវាទក្រសួងអប់រំ អំពីការអនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សា ប្រឡងជ្រើសរើសនិស្សិតចូលរៀន ការប្រឡងបញ្ចប់ការសិក្សាតាមប្រព័ន្ធអនឡាញ នៅក្នុងអំឡុងពេលនៃជំងឺឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។
យោងតាមលិខិតរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ដើម្បីធានាឲ្យការបង្រៀន និងការរៀន នៅតែបន្តទៅមុខប្រកបដោយគុណភាព និងនិរន្តរភាព នៅក្នុងអំឡុងពេលនៃជំងឺឆ្លងរាតត្បាតនៃជំងឺ កូវីដ១៩ ក្រសួងអនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជន ដូចជា៖
*ទី១៖ រៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀន និងការប្រឡងបញ្ចប់ការសិក្សារបស់និស្សិតតាមប្រព័ន្ធអនឡាញ គ្រឹះស្ថានឧត្តមសិក្សានីមួយៗត្រូវរៀបចំឯកសារស្នើសុំមកក្រសួងអប់រំ ដើម្បីក្រសួងពិនិត្យ និងរៀបចំលិខិតឧទ្ទេសនាមគណៈកម្មការចុះត្រួតពិនិត្យដំណើរការប្រឡង។
*ទី២៖ រៀបចំការបណ្ដុះបណ្ដាលនិស្សិតតាមប្រព័ន្ធសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ដោយឲ្យមានអន្តរសកម្មរវាងសាស្ត្រាចារ្យ និងនិស្សិត។
*ទី៣៖ រៀបចំរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ ដើម្បីធានាថាដំណើរការនៃការបង្រៀន និងការរៀនតាមប្រព័ន្ធសិក្សា ពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងការវាយតម្លៃនិស្សិត ប្រព្រឹត្តទៅប្រកបដោយគុណភាព៕
សូមអានលិខិតខាងក្រោម៖