(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានទទួលជួបលោក Ermenegildo Kupalopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំកម្ពុជា និងសហការី ដើម្បីសំដែងការគួរសម និងពិភាក្សាការងារមួយចំនួន។ ជំនួបនេះ រៀបចំធ្វើឡើង នាទីស្ដីការក្រសួងកសិកម្ម។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវអំណរសាទរ ជូនចំពោះលោកឯកអគ្គរដ្ឋទូតថ្មី ដែលទើបត្រូវបានតែងតាំង ឲ្យមកបំពេញបេសកកម្មការទូត នៅលើទឹកដីកម្ពុជា។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនភ្ញៀវអំពីសក្តានុពល និងដំណើរការវិវឌ្ឍន៍រីកចម្រើន របស់វិស័យកសិកម្មកម្ពុជា ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី កម្ពុជា បានពង្រីកផលិតភាពផលិតកម្មកសិកម្ម និងទីផ្សារនាំចេញ កសិផលជាច្រើន ទៅកាន់ទីផ្សារអន្តរ ជាតិមានដូចជា៖ ស្រូវ អង្ករ ស្វាយ ចេក ស្វាយចន្ទី ដំឡូងមីស្រស់-ក្រៀម បន្លែ ត្រី និងសត្វ -ល-។

តាមរយៈលោកឯកអគ្គរដ្ឋទូត, លោករដ្ឋមន្ត្រី វេង សាខុន បានស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម តាមរយៈការសិក្សាស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស និងផ្លាស់ប្តូរបទពិសោធន៍ រវាងថ្នាក់ដឹកនាំ អ្នកស្រាវជ្រាវវិទ្យាសាស្រ្ត និងមន្រ្តីជំនាញ។

លោកឯកអគ្គរាជទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យកសិកម្មគួរឲ្យចាប់អារម្មណ៍ ហើយការរីកចម្រើននេះ បានជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយភាពក្រីក្រ បានយ៉ាងល្អប្រសើរ។

ក្នុងអាណត្តិនៃការបំពេញ បេសកកម្មការទូតនៅកម្ពុជា លោកឯកអគ្គរដ្ឋទូតថា នឹងខិតខំជំរុញ និងពិនិត្យឡើងវិញ លើកិច្ចសហប្រតិបត្តិការ វិស័យកសិកម្ម រវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរ ហើយនឹងពិនិត្យ និងរៀបចំឯកសារអនុស្សរណៈ នៃការយោគយល់គ្នា លើការនាំចេញកសិផល និងការបណ្តុះបណ្តាល ធនធានមនុស្សក្នុងពេលឆាប់ៗ។

ដោយឡែក ចំពោះការនាំចេញអង្ករ ទៅកាន់ទីផ្សារទីម័រខាងកើត លោកឯកអគ្គរដ្ឋទូតថា នឹងខិតខំជំរុញឲ្យពាណិជ្ជករទីម័រខាងកើតមកសិក្សា និងស្វែងយល់បន្ថែម អំពីនីតិវិធីច្បាប់ បច្ចេកទេស និងបែបបទ នៃការនាំចេញរបស់កម្ពុជា ឲ្យបានស៊ីជម្រៅ ហើយសង្ឃឹមថា អង្ករកម្ពុជា នឹងមានលក់នៅទីផ្សារទីម័រខាងកើត ក្នុងពេលអនាគតដ៏ខ្លី។

ជាការឆ្លើយតប តាមចេតនារបស់ឯកអគ្គរដ្ឋទូត ដែលចង់នាំអង្ករកម្ពុជា ចូលទីផ្សារទីម័រខាងកើត លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវការគាំទ្រប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាឱកាសជួបលោកឯកអគ្គរដ្ឋទូត កាលពីថ្ងៃទី២៧ ខែឧសភា នៅវិមានសន្តិភាពថា រដ្ឋាភិបាលទីម័រខាងកើត គួរបញ្ជូនក្រុមហ៊ុន ឬពាណិជ្ជករមកសិក្សា ស្វែងយល់អំពី សក្តានុពលនៃការផលិតស្រូវ បង្កើតរោងម៉ាស៊ីន និងវេចខ្ចប់ ឲ្យបានសមស្របតាមស្តង់ដាររបស់ ទីផ្សារទីម័រខាងកើត ហើយករណីនេះ ភាគីកម្ពុជានឹងរង់ចាំផ្តល់កិច្ចសហការ ឲ្យពេញលេញធ្វើយ៉ាងណា ឲ្យការវិនិយោគនេះ សម្រេចទទួលបានជោគជ័យ។

ជំនួបត្រូវបានបញ្ចប់ក្នុងស្មារតី សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងនាមជាប្រទេស សមាជិកអាស៊ាន។ លោករដ្ឋមន្ត្រី វេង សាខុន បានជូនពរឲ្យបេសកកម្មការទូត របស់លោកនៅលើទឹកដីកម្ពុជា សម្រេចទទួលបានជោគជ័យ៕