(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CED) របស់ក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថា ការពុលស្រាស នៅតែជាបញ្ហាប្រឈមមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ស្រាស ក៏នៅតែជាមូលហេតុសំខាន់ ក្នុងចំណោមមូលហេតុដទៃនៃការពុលអាហារជាច្រើនករណី ដែលប្រជាពលរដ្ឋកំពុងតែប្រឈមការឈឺ និងស្លាប់។
ការលើកឡើងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងចំពេលដែលប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ២៧នាក់ បានពុលស្រាថ្នាំ រហូតបណ្តាលឱ្យមនុស្ស ៦នាក់ស្លាប់បាត់បង់ជីវិត។ ករណីពុលស្រានេះ កេីតឡើងក្នុងស្រុកម៉ាឡៃ ចំនួ ន ៤កន្លែង និងក្រុងប៉ោយប៉ែត ចំនួន ៣កន្លែង ។
ការពុលស្រានៅខេត្តបន្ទាយមានជ័យនេះ មិនមែនជាករណីថ្មីនោះឡើយសម្រាប់កម្ពុជា។ បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងករណីពុលស្រាបែបនេះ ធ្លាប់បានកើតឡើងផងដែរកាលពីឆ្នាំ២០១៥, ២០១៦, ២០១៧ និងឆ្នាំ២០១៨ នៅក្នុងខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី កំពង់ឆ្នាំង ក្រចេះ និងកំពត។
ការពុលស្រាក្នុងរយៈពេល ៤ឆ្នាំកន្លងទៅខាងលើនេះ បានកើតមានឡើងជិត ៦០០ករណី បណ្តាលឱ្យមនុស្ស ៥៩នាក់ស្លាប់បាត់បង់ជីវិត។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានដាស់តឿនជាថ្មីដល់ប្រជាពលរដ្ឋនិយមផឹកស្រា ត្រូវប្រុងប្រយ័ត្នក្នុងការជាវស្រាមកពិសារ ហើយត្រូវជាវស្រាសមានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញ និងពិសារក្នុងកម្រិតតិចបំផុត។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ស្នើស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានមេត្តាពង្រឹងការត្រួតពិនិត្យសិប្បកម្ម និងទីតាំងផលិតស្រា ។ ជាពិសេសលប់បំបាត់ទីតាំងផលិតស្រា ដែលមិនមានច្បាប់អនុញ្ញាត ពីស្ថាប័នជំនាញ ។
ដើម្បីរួមចំណែកទប់ស្កាត់ការពុលស្រានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអះអាងថា ក្រសួងសុខាភិបាល បានប្រឹងប្រែងសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីហានិភ័យ ដែលបណ្តាលមកពីការទទួលទានស្រា។
ករណីពុលស្រានាពេលកន្លងទៅ ត្រូវបានមន្ត្រីជំនាញអះអាងថា បណ្តាលមកពីការបិទស្រានោះប្រើសារធាតុមេតាណុលខ្ពស់៕