(ភ្នំពេញ)៖ លោក ណារិន្ទដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ឥណ្ឌាចាត់ទុកកម្ពុជា គឺជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតខ្លួន (Act East Policy)។
ការបញ្ជាក់របស់នាយករដ្ឋមន្ត្រីឥណ្ឌា បានធ្វើឡើងក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៉ីជម្រៅថែមទៀត ដោយនាយករដ្ឋមន្ត្រីឥណ្ឌា ចាត់ទុកប្រទេសកម្ពុជា ថាជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា»។
បើតាមក្រសួងការបរទេស, ថ្នាក់ដឹកនាំទាំងពីរ ថែមទាំងបានប្តេជ្ញាបន្តពង្រឹង សហប្រតិបត្តិការតំបន់ ក្នុងនោះរួមមានក្របខ័ណ្ឌ ASEAN-India និងមេគង្គ-គង្គា។ ពាក់ព័ន្ធនឹងសហប្រតិបត្តិការផ្នែកវប្បធម៌ និងបុរាណវិទ្យា នាយករដ្ឋមន្ត្រី ម៉ូឌី បានសម្ដែងការពេញចិត្តចំពោះការទុកចិត្តឲ្យឥណ្ឌា ធ្វើជាសហប្រធាននៃគណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ ដើម្បីស្តារ និងអភិវឌ្ឍប្រាសាទព្រះវិហាររបស់កម្ពុជា។
សូមបញ្ជាក់ថា គោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត (Act East Polocy) ធ្វើឡើងតាមរយៈវិស័យចំនួន៤ គឺការការពារសន្តិសុខមហាសមុទ្រឥណ្ឌា សមាហរណកម្មជាមួយអាស៊ីអាគ្នេយ៍ ការធ្វើឲ្យស៉ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយការធ្វើឲ្យមានតុល្យភាពរវាងមហាអំណាចនានា និងការគ្រប់គ្រងជម្លោះជាមួយប្រទេសចិន៕