(ភ្នំពេញ)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្ដកោះកុង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញនូវអ្វីដែលជាសមិទ្ធផល និងការរីកចម្រើនរបស់ខេត្ត តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកោះកុង»។
ខេត្ដកោះកុង ចែកចេញជា១ក្រុង ៦ស្រុក ២៩ឃុំ សង្កាត់ និង១១៩ភូមិ មានផ្ទៃដីសរុប ១០,០៤៥.៥៨គីឡូម៉ែត្រការ៉េ មានគ្រួសារសរុប ៣០,៣៨៥គ្រួសារ ប្រជាជនសរុប ១៣៦,៣២០នាក់ ស្រី៦៧,៩៨៤នាក់ មានដង់ស៊ីតេប្រជាជន១៣នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។ ប្រជាជនប្រមាណ ៥៧.៥% ជាកសិកររស់នៅពឹងផ្អែកលើវិស័យកសិកម្ម ដែលជាវិស័យចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ដ។
ក្រៅពីវិស័យកសិកម្ម ដែលជាវិស័យស្នូល ក៏មានវិស័យផ្សេងៗទៀត ដូចជា វិស័យឧស្សាហកម្ម ០.២% និងវិស័យសេវាកម្មប្រមាណ ៤២.៣% ដែលជាមូលដ្ឋានបង្កើតការងារជូនប្រជាពលរដ្ឋ។ វិស័យសេដ្ឋកិច្ចសំខាន់ៗ ទាំងបីរួមមាន៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម បានជំរុញដល់សេដ្ឋកិច្ចរបស់ខេត្តទាំងមូល មានអត្រាកំណើនគួរឲ្យកត់សំគាល់។
តាមទិន្នន័យការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត បង្ហាញថា អត្រាភាពក្រីក្រខេត្តកោះកុង មានការថយចុះបើប្រៀបធៀបពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ទូទាំងខេត្តកោះកុងថយចុះពី ២៨.៧% មក២៣.៨% (ថយបាន៤.៩%) សរុបគ្រួសារក្រីក្រឆ្នាំ២០១៨ ស្មើនឹង ៦.១៨៩គ្រួសារ ក្នុងនោះទីប្រជុំជនមាន ៤០១គ្រួសារ និងទីជនបទមាន៥,៧៨៨គ្រួសារ។ ពេលថ្មីៗ ខេត្តកោះកុង បានធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ តាមរយៈការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំកំឡុងពេល នៃការរងផលប៉ះពាល់ដោយសារជំងឺ កូវីដ១៩ ឆ្នាំ២០២០ មានចំនួន១,១២៣គ្រួសារ បន្ថែមលើទិន្នន័យឆ្នាំ២០១៨។
ចំណែកឯសេដ្ឋកិច្ចខេត្តកោះកុង មានប្រមាណ៨៥៨,៦៤២លានរៀល គិតជាដុល្លារប្រហែល២១២លានដុល្លារ ក្នុងឆ្នាំ២០១៧។ ចំណែកឯសេដ្ឋកិច្ចឆ្នាំ២០១៨ មានប្រមាណ ៩៤៦,៦៣៣លានរៀល គិតជាដុល្លារប្រហែល ២៣៤លានដុល្លារអាមេរិក បើធៀបនឹងសេដ្ឋកិច្ចជាតិមានអត្រាស្មើនឹង០.៩%។ ខេត្តមានកំណើន សេដ្ឋកិច្ច ៦.០% នៅឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៧ ដោយចំណូលសម្រាប់មនុស្សម្នាក់មាន១,៤១៩ដុល្លារនៅឆ្នាំ២០១៧ និង១,៥៤៣ដុល្លារនៅឆ្នាំ២០១៨។
ដោយឡែក សម្រាប់វឌ្ឍនភាពការងារ និងសមិទ្ធផលឆ្នាំ២០១៩ ត្រូវបានលោកស្រី មិថុនា ភូថង បានបង្ហាញដូចខាងក្រោម៖
*ផ្នែកកសិកម្ម រុក្ខប្រមាញ់ និងនេសាទ៖ វិស័យនេះមានការរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ដែលបច្ចុប្បន្នខេត្តកោះកុង មានគ្រួសារប្រមាណ៥៧.៥% ប្រកបរបរកសិកម្ម ក្នុងនោះធ្វើស្រែចំការ២៨.៤០% ដាំដំណាំរយៈពេលវែងមាន៥.៥០% ដំណាំរយៈពេលខ្លីមាន២.៥០% ដំាបន្លែមាន១.៨០% ចិញ្ចឹមសត្វមាន៣.៥០% រកអនុផលព្រៃឈើមាន១% និងមុខរបរនេសាទមាន១៤.៧០%។
*ផ្នែកសាធារណៈការ និងដឹកជញ្ជូន៖ ចំពោះផ្នែកសាធារណៈ និងដឹកជញ្ជូន កន្លងមកការធ្វើដំណើរមកទីរួមខេត្ត ក៏ដូចជាទៅតំបន់នានា ក្នុងខេត្តកោះកុង គឺមានការលំបាកខ្លាំង និងត្រូវការពេលវេលាយូរ ពោលគឺត្រូវធ្វើដំណើរតាម ទូក ទូកល្បឿនលឿន រ៉ូយ៉ាល់ រថយន្ត ថ្មើរជើងជាដើម។ ពេលបច្ចុប្បន្នវិស័យនេះ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ការធ្វើដំណើររបស់ប្រជាពលរដ្ឋចំណាយពេលវេលា និងថវិកាតិច ដោយសារស្ពានថ្នល់ ត្រូវបានជួសជុល កែលម្អ និងស្ថាបនាបន្ថែមក្នុង ភូមិ ឃុំ ស្រុក ក្រុង ទូទាំងខេត្ត បានយ៉ាងល្អគួរឲ្យកត់សម្គាល់។
*ផ្នែកធនធានរ៉ែ និងថាមពល៖ ខេត្តកោះកុង មានវារីអគ្គីសនីចំនួន០៣កន្លែងធំៗ និងមានថាមពលសរុបចំនួន៦០២ មេហ្គាវ៉ាត់ និងផ្ទាំងសូឡា នៅតាមតំបន់មួយចំនួន។ វារីអគ្គិសនីទាំង៣ទីតាំងមាន វារីអគ្គិសនីគិរីរម្យ៣ អានុភាព១៨ មេហ្កាវ៉ាត់ ស្ថិតនៅឃុំដងពែង ស្រុកស្រែអំបិល, វារីអគ្គិសនីឬស្សីជ្រុំក្រោម មានអានុភាព ៣៣៨មេហ្កាវ៉ាត់ និងវារីអគ្គិសនីតាតៃ មានអនុភាព ២៤៦ មេហ្កាវ៉ាត់។
*ផ្នែកទេសចរណ៍៖ ដោយសារកត្តាសន្តិភាព និងសក្តានុពលធនធានធម្មជាតិដ៏សម្បូរបែប ធ្វើឲ្យខេត្តកោះកុង មានការអភិវឌ្ឍជាច្រើនលើវិស័យទេសចរណ៍ រួមមាន តំបន់វិស្សមកាល តំបន់អេកូទេសចរណ៍ធម្មជាតិ ព្រៃកោងកាង ទឹកធ្លាក់ តំបន់ឆ្នេរ តំបន់ផ្កាថ្ម និងតំបន់កោះមួយចំនួន និងមានសេវាកម្មទេសចរណ៍ ដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន មណ្ឌលកំសាន្ត។
នៅក្នុងឆ្នាំ២០១៩ មានភ្ញៀវសរុបចំនួន ៣២៨,៦៦២នាក់ ដោយពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាមធ្យមពី១៥% ទៅ២៥% បើប្រៀបធៀបទៅនឹងឆ្នាំ កន្លងមក។
*ការងាររដ្ឋបាលដីធ្លី៖ បានចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ រួមមាន៖ ចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំបានចំនួន ៧,៧៥៩ប័ណ្ណ, ចុះបញ្ជីដីរដ្ឋបានចំនួន ៥៣ប័ណ្ណ, ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ តាមបទបញ្ជាលេខ០១បប ចេញប័ណ្ណបានចំនួន ៥,៣៣៤ប័ណ្ណ និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចេញប័ណ្ណបានចំនួន៧,២៧២ប័ណ្ណ។
*តំបន់ការពារធម្មជាតិ៖ ខេត្តកោះកុង មានតំបន់ការពារធម្មជាតិចំនួន១០តំបន់ ដែលមានផ្ទៃដីសរុបចំនួនជាង ១លានហិកតា ដែលក្នុងនោះរួមមាន៖ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង, ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល, ដែនជម្រកសត្វព្រៃតាតៃ, របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ (ជួរភ្នំក្រវាញ), ឧទ្យានជាតិសមុទ្រកោះរ៉ុង, ឧទ្យានជាតិបុទុមសាគរ, តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង, ដែនជម្រកសត្វព្រៃពាមក្រសោប, តំបន់រ៉ាមសារកោះការពិ និងដែនជម្រកសត្វព្រៃភ្នំសំកុស។
ដោយឡែក ការថែរក្សាសន្តិសុខសណ្តាបធ្នាប់សាធារណៈ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានរបៀបរៀបរយ មានស្ថិរភាព មានការចូលរួមសហការពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងមានស្មារតីទទួលខុសត្រូវ របស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក។ គណៈបញ្ជាការឯកភាពខេត្ត បានធ្វើការប្រជុំអប់រំសតិអារម្មណ៍ អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងដាក់វិធានការ យ៉ាងតឹងរឹង និងម៉ឺងម៉ាត់បំផុត ដាក់បញ្ជាដល់កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែកទប់ស្កាត់ឲ្យខានតែបាន នូវរាល់បទល្មើសផ្សេងៗ៕