(ព្រះវិហារ)៖ ថ្លែងចេញពីទិសឧត្តរប្រទេសកម្ពុជា ក្នុងទឹកដីខេត្តព្រះវិហារ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វត្មាត សត្វត្រយងយក្ស ត្រយងចង្កំកស និងប្រភេទសត្វកម្រផ្សេងទៀត បានចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង ដើម្បីរួមចំណែកលើក ស្ទួយសេដ្ឋកិច្ចប្រជាសហគមន៍។
ការឱ្យដឹងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានជាតិជិត២០នាក់ ស្ថាប័នពិនិត្យលើការអនុវត្តគម្រោងការពារ និងអភិរក្សសត្វព្រៃ របស់អង្គការសមាគមសត្វព្រៃប្រចាំកម្ពុជា (WCS) កាលពីថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែប ក្នុងទឹកដីខេត្តព្រះវិហារ។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ប៉ុន្តែការដាក់សត្វគោនេះ គឺដើម្បីជាអាហារបន្ថែម ហើយក៏ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរដែរ ព្រោះប្រជាពលរដ្ឋខ្លះ គាត់អត់ដែលស្គាល់ទេ (សត្វត្មាត) ជនបរទេសខ្លះគាត់ចង់ដឹងគាត់សុខចិត្តជិះយន្តហោះពីប្រទេសគាត់ ដើម្បីចូលមកប្រទេសកម្ពុជា ដើម្បីមើលសត្វត្មាត ហើយទន្ទឹមនឹងនេះ មិនមែនតែប្រភេទ សត្វត្មាតទេ ជាការទាក់ទាញអារម្មណ៍សម្រាប់អ្នកដែលស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់សត្វព្រៃសូម្បីតែត្រយង ក៏ដូចគ្នាដែរ»។
បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា កម្ពុជាមានប្រភេទសត្វត្រយងយក្ស និងត្រយងចង្កំកស ដែលជាប្រភេតសត្វកម្រជិតផុតពូជនៅលើពិភពលោក ក៏ប៉ុន្តែសម្រាប់ប្រភេទសត្វត្រយងនេះ មានវត្តមាននៅក្នុងប្រទេស តាមរយៈគម្រោងរបស់អង្គការសមាគមសង្គ្រោះសត្វព្រៃប្រចាំប្រទេសកម្ពុជា ដោយបានផ្សារភ្ជាប់ការងារអភិរក្ស និងការបង្កើតនូវជីវភាពរបស់ប្រជាសហគមន៍ ដោយអប់រំ ណែនាំដល់ពួកគាត់ចូលរួមអភិរក្ស និងបង្កើតអង្ករសរីរាង្គ ដែលចំណុចនេះ គឺមានភាពជោគជ័យនៅក្នុងសហគមន៍ធ្វើឱ្យប្រជាពលរដ្ឋ មានមុខរបរ ព្រមទាំងមានចំណូលបន្ថែមលើការដាំអង្ករសរីរាង្គ។
លោកបានបន្តថា ទន្ទឹមនឹងក្រៅពីប្រកបរបរដាំស្រូវសរីរាង្គ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ បានបង្កើតជាសហគមន៍ ទេសចរណ៍ ត្មាតប៉ើយ ធឿន ដើមក្រសាំង ដែលនៅក្នុង១ឆ្នាំ ពួកគាត់អាចរកចំណូលបានប្រមាណជាង ៣ម៉ឺនដុល្លារ សម្រាប់ទ្រទ្រង់ដំណើរការនៅសហគមន៍របស់ពួកគាត់ជាដើម។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ទាំងនេះគឺជាអ្វបីដែលរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៅលើគោលនយោបាយ ក្នុងការកាត់ផ្តាច់លើការពឹងពាក់ អាស្រ័យរបស់ប្រ ជាពលរដ្ឋ ទៅលើធនធានធម្មជាតិ ដោយប្រជាពលរដ្ឋខ្លះគាត់មានមុខរបស់ក្នុងព្រៃកាប់ឈើ និងបរបាញ់សត្វ ដូច្នេះការបង្កើតគម្រោង និងផែនការសកម្មភាពនេះ គឺដើម្បីឱ្យពួកគាត់នៅក្នុងសហគមន៍នេះ បញ្ឈប់សកម្មភាពទាំងនេះ ដោយងាយកមកចូលរួមអភិរក្សធនធានធម្មជាតិ ការពារសត្វព្រៃ ព្រមទាំងសត្វកម្រជិតផុតពូជនានា ដើម្បីផ្តល់ផលប្រយោជន៍ទៅមុខយូរអង្វែង។
លោកបានបន្ថែមទៀតថា ការចូលរួមអភិរក្សធនធានធម្មជាតិ ការចូលរួមអភិរក្សសត្វព្រៃ ជាក់ស្តែងសហគមន៍ ទេសចរណ៍ ត្មាតប៉ើយ ធឿន ដើមក្រសាំងធ្វើឱ្យពួកគាត់ទាំងអស់ទទួល បានចំណូលពីការដាំស្រូវសរីរាង្គ ការនាំភ្ញៀវជាតិ និងអន្តរជាតិទស្សនាសត្វព្រៃ និងការលក់វត្ថុអនុស្សាវរីយ៍ ជូនភ្ញៀវទេសចរ ទាំងនេះជាផ្នែកមួយបានចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន ដែលបានកាត់ផ្តាច់ការការប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃជាដើម។
តំបន់សហគមន៍ទេសចរណ៍ «ត្មាតប៉ើយ» ធឿន ក្រសាំង ដែលមានវិសាលភាពផ្ទៃដី២១,៤០០០ហិកតា ស្ថិតក្រោមការជួយជ្រោមជ្រែងពីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)។
លោក ឌឹប គឹមអោន ប្រធានសហគមន៍ ទេសចរណ៍ ដែលមានវ័យ៥០ឆ្នាំនប្លាយ បានឱ្យដឹងថា ដើម្បីការពារព្រៃឈើ និងសត្វព្រៃឱ្យបាន គង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ លោកបានចូលរួមជាមួយសហគមន៍ ទេសចរធម្មជាតិត្មាតប៉ើយ យ៉ាងសស្រាកស្រាំងតាំពីដំបូងក្នុងនាមជា គណៈកម្មការមួយរូប។ លោកបានដឹកនាំសមាជិកសហគមន៍ចុះល្បាតព្រៃ និងរៀបចំការប្រជុំ ដើម្បីអប់រំអ្នកភូមិ អំពីសារៈសំខាន់ព្រៃឈើ និងសត្វព្រៃ។
លោក ឌឹប គឹមអោន រំឮកបន្តទៀតថា៖ «ដំបូង ខ្ញុំគិតថាវាពិតជាលំបាកខ្លាំងណាស់ក្នុងការផ្លាស់ប្តូរការគិត និងធ្វើឱ្យអ្នក ភូមិត្មាតប៉ើយយល់ដឹងអំពីសារៈព្រៃឈើ និងសត្វព្រៃ ពីព្រោះពួកគេពឹងអាស្រ័យលើធនធានធម្មជាតិ ទាំងអស់ នោះ ដើម្បីចិញ្ចឹមជីវិតអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ ប៉ុន្តែ ខ្ញុំបានប្តេជ្ញាចិត្តថាដោះស្រាយបញ្ហានេះ ឱ្យខានតែបានដើម្បីការពារធនធានធម្មជាតិនៅជុំវិញភូមិសម្រាប់ក្មេងៗជំនាន់ក្រោយ»។
នៅក្នុងឆ្នាំ២០០៦ លោក ឌឹប គឹមអោន ត្រូវបានសមាជិកសហគមន៍បោះឆ្នោតជ្រើសរើសឱ្យក្លាយជា ប្រធាន សហគមន៍ទេសចរធម្មជាតិ ត្មាតប៉ើយ។ ក្នុងតួនាទីនេះ លោកបានដឹកនាំសមាជិកសហគមន៍ការពារព្រៃឈើ និងសត្វព្រៃ និងពង្រីកគម្រោងទេសចរធម្មជាតិ នៅត្មាតប៉ើយ ដើម្បីជួយសមាជិកសហគមន៍ស្វែងរកប្រាក់ចំណូលបន្ថែមដើម្បីចិញ្ចឹមគ្រួសារ។
គម្រោងទេសចរធម្មជាតិនេះ ដំណើរការទៅមុខបានយ៉ាងល្អ ដោយចំនួនភ្ញៀវទេសចរមកកាន់ត្មាតប៉ើយចេះតែមានការកើនឡើងជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរអន្តរជាតិ និងជាតិជាច្រើននាក់បានមកកាន់ត្មាតប៉ើយ ដែលជួយឱ្យសហគមន៍ទេសចរណ៍ រកចំណូលបានជាង ៣ម៉ឺនដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ភូមិ។
លោក ឌឹប គឹមអោន បានឱ្យដឹងដែរថា នៅឆ្នាំ២០១៨ សហគមន៍ តំបន់ការពារ ធម្មជាតិ «ត្មាតប៉ើយ» ធឿន ក្រសាំង ទទួលបានជយលាភី «សហគមន៍ទេសចរណ៍គំរូ» សម្រាប់ ឆ្នាំ២០១៨-២០១៩ ពីក្រសួងទេសចរណ៍ ផងដែរ។
លោកបានបញ្ជាក់ថា មុននឹងបង្កើតឱ្យមានសហគមន៍នេះឡើង ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ បានប្រកបមុខរបរបរបាញ់សត្វ កាប់ព្រៃឈើ រកអនុផលព្រៃឈើ នេសាទត្រី និងប្រកបរបរផ្សេងៗ ក៏ប៉ុន្តែ បន្ទាប់ពីបង្កើតមកប្រជាជននៅក្នុងតំបន់នេះ ភាគច្រើនបានយល់ដឹងពីគុណសម្បត្តិនៃធនធានធម្មជាតិ ផងដែរ៕