(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងបញ្ជាក់ថា ដើម្បីជាការលើកកម្ពស់ផលិតកម្មបន្លែសុវត្ថិភាព មាន់សាច់ និងតភ្ជាប់កសិ-ពាណិជ្ជកម្ម បន្លែសុវត្ថិភាពរបស់កសិករ និងទីផ្សារ ក្រសួងពាណិជ្ជកម្មបានដឹកនាំប្រតិបត្តិគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងបានសម្របសម្រួលភាពជាដៃគូវិស័យសាធារណៈឯកជន ដើម្បីលើកកម្ពស់ផលិតភាព និងផលចំណេញដល់កសិករ។
លោកថាការបើកដំណើរការ ផ្សារអាហារសុវត្ថិភាព ដែលជួយគាំទ្រលើវិស័យបន្លែ និងសាច់ធម្មជាតិរបស់កសិករនៅពេលនេះ នឹងជួយលើកកម្ពស់ផលិតភាព និងផលចំណេញបានច្រើនដល់កសិករផងដែរ។
លោក ប៉ាន សូរស័ក្តិ បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធបើកដំណើរការផ្សារអាហារសុវត្ថិភាព របស់ក្រុមហ៊ុន ខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅនៅជាប់រង្វង់មូលបាយ័ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស្រី ឆេង សុថាវុធ នាយិកាក្រុមហ៊ុន ខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន, លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ទៀតថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងផ្សារអាហារសុវត្ថិភាពនេះ នឹងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ និងផលិតផលកសិ-ពាណិជ្ជកម្មបន្លែ សុវត្ថិភាព និងមាន់ស្រែ ជាពិសេសជួយសម្របសសម្រួល ដល់ក្រុមកសិករផលិត ដោយគាំទ្រផែនការផលិតកម្មបន្លែ មាន់សាច់ និងតភ្ជាប់កសិ-ពាណិជ្ជកម្មបន្លែ និងទីផ្សារ។
លោកបានបញ្ជាក់ទៀតថា ផ្សារលក់បន្លែ និងមាន់សាច់ជាតួអង្គមួយសំខាន់ ក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់ នៅក្នុងខ្សែច្រវាក់តម្លៃកសិ-ពាណិជ្ជកម្ម ហើយមិនមែន តែផ្សារអាហារសុវត្ថិភាពនេះទេ គឺគ្រប់ផ្សារទាំងអស់ សូមមេត្តាផ្តោតការយកចិត្តទុកដាក់ លើគុណភាពផលិតផលបន្លែ និងមាន់សាច់នៅក្នុងផ្សាររបស់ខ្លួន ព្រោះថាគុណភាព ដើរតួនាទីសំខាន់ណាស់សម្រាប់ធ្វើការប្រកួតប្រជែង និងជាយុទ្ធសាស្ត្ររយៈពេលវែង។
ឆ្លៀតឱកាសដាក់ឱ្យដំណើរការផ្សារអាហារសុវត្ថិភាពនេះលោក ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍ដល់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងផ្សារ អាហារសុវត្ថិភាព ត្រូវធ្វើការសហការគ្នាឱ្យបានល្អ ក្នុងការពន្លឿនការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិ-ពាណិជ្ជកម្មបន្លែ និងមាន់ស្រែ ដើម្បីលើកស្ទួយវិបុលភាពកសិករខ្នាតតូច តាមរយៈការបង្កើនផលចំណេញកាន់តែច្រើន ដោយតភ្ជាប់កសិ-ពាណិជ្ជកម្មបន្លែនិងមាន់ស្រែ និងទីផ្សារ។
លោក ប៉ាន សូរស័ក្តិ សង្ឃឹមយ៉ាងមុតមាំថា ការសហការគ្នាក្នុងការពង្រឹងការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិ-ពាណិជ្ជកម្មបន្លែ និងមាន់សាច់នេះ នឹងរួមចំណែកធ្វើឱ្យផលិតផលកសិ-ពាណិជ្ជកម្ម មានការកើនឡើងទាំងបរិមាណ និងគុណភាព នៅក្នុងទីផ្សារសម្រាប់បំរើសេចក្តីត្រូវការបន្លែសុវត្ថិភាព និងមាន់សាច់ ដល់បងប្អូនប្រជាពលរដ្ឋ ដោយគិតគូrពីសុខមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយការប្រើប្រាស់បន្លែ និងមាន់សាច់ដែលគ្មានប្រភពច្បាស់លាស់។
សូមជម្រាប់ដែរថា ក្រុមហ៊ុន ខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន បានបង្កើតផ្សារអាហារសុវត្ថិភាពនេះឡើង ដោយមានទស្សនវិស័យធ្វើយ៉ាងណា ចូលរួមចំណែកនៅក្នុងសង្គម ដើម្បីធ្វើឱ្យប្រជាកសិករ មានចំណូលជាប្រចាំ កាត់បន្ថយចំណាកស្រុក ជាពិសេសគិតគូរពីសុខភាពប្រជាជនកម្ពុជា និងដើម្បីជួយដល់ប្រជាពលរដ្ឋ និងយុវជនខ្មែរ ឱ្យមានការងារធ្វើ និងជួយឱ្យកសិករខ្មែរ អាចពង្រីកមុខរបរដាំដុះបន្លែ ត្រី សាច់ និងអង្ករផងដែរ។
ផ្សារអាហារសុវត្ថិភាពមួយនេះ គឺបាននាំយកបន្លែ ត្រី សាច់ ចេញពីសហគមប្រជាកសិករសុទ្ធសាធ ដែលសហគមទាំងអស់នោះសុទ្ធតែ ទទួលបានការបណ្តុះបណ្តាល បច្ចេកទេសត្រឹមត្រូវ ពីកម្មវិធីរបស់ក្រសួងពាណិជ្ជកម្ម និងមានការទទួលស្គាល់គុណភាព ពីអង្គការសុខភាពពិភពលោក ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចបង្កើតជាទីផ្សារ ខ្នាតតូចសម្រាប់លក់បន្លែធម្មជាតិ ត្រី សាច់ ដែលគ្មានសារជាតិគីមីហាមឃាត់ផងដែរ៕