(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ។

អនុក្រឹត្យនេះ មានគោលបំណងសម្រួល និងបង្កបរិយាកាសល្អ ដល់ការបង្កើតអាជីវកម្មតាម រយៈការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីចូលរួមចំណែកលើកកម្ពស់បរិយាកាស ធុរកិច្ចឱ្យប្រសើរឡើង និងទាក់ទាញការវិនិយោគ នៅកម្ពុជា។

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការចុះបញ្ជីអាជីវកម្មនៅកម្ពុជា តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានដែលក្នុងនោះមាន៖

* ការចុះបញ្ជីពាណិជ្ជកម្ម ដោយក្រសួងពាណិជ្ជកម្ម
* ការចុះបញ្ជីពន្ធដារ ដោយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
* ការពិនិត្យ និងទទួលសេចក្ដីប្រកាសជូនដំណឹង បើកសហគ្រាស ដោយក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ * ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕