(កំពង់ធំ)៖ អ្នកភិរក្សសត្វខ្សឹបនៅកម្ពុជា ជំរុញការអភិរក្សសត្វខ្សឹប ឬក្ងោកទេព ឬទ្រមាក់អណ្ដើក សំដៅបង្កើនធនធានជីវៈចម្រុះ និងបម្រើដល់វិស័យអេកូទេសចរណ៍ ខណៈវត្តមានបក្សីមួយនេះ នៅសល់តិចតួចបំផុតនៅលើពិភពលោក។
តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ជាតំបន់មួយដែលស្ថិតនៅក្នុងតំបន់វាលស្មៅលិចទឹក តាមរដូវកាល និងស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ និងខេត្តសៀមរាប។ តាមរយៈនៃការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រសត្វព្រៃ បានឱ្យដឹងថាតំបន់នេះ មានសារៈសំខាន់សម្រាប់សត្វខ្សឹបរស់នៅ និងធ្វើការបន្តពូជ។
បើតាមលោក ស៊ុម ភារុណ ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សសត្វខ្សឹប នៃអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា ហៅកាត់ WCS បានបញ្ជាក់ថា ការអភិរក្សសត្វស្លាបដ៏កម្រនេះ អាចធ្វើបានដោយរក្សាទីជម្រក វាលស្មៅនៅតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ដើម្បីជាប្រភពផ្តល់ចំណី និងពួកវាពងកូននៅរដូវប្រាំង។
ថ្លែងក្នុងឱកាសប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញអង្គការអភិរក្សសត្វព្រៃ ព្រមទាំងអ្នកសារព័ត៌មាន ចុះទស្សនាគម្រោងអភិរក្សសត្វខ្សឹប ក្នុងតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី១០ ខែមិថុនា លោក ស៊ុម ភារុណ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំនួនសត្វក្សឹបនៅកម្ពុជា កំពុងទទួលរងនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ តាមរយៈការបាត់បង់ទីជម្រក ដោយសារការបំលែងដីវាលស្មៅធម្មជាតិ ទៅជាវាលស្រែប្រាំង ប្រព័ន្ធធារាសាស្ត្រ ការបរបាញ់ពីសំណាក់ ប្រជាពលរដ្ឋនៅក្នុងតំបន់ និងផលប៉ះពាល់ពីខ្សែបណ្តាញអគ្គិសនី ដែលបណ្តាលឱ្យមានការហើរបុកស្លាបជារឿយៗ»។
លោកបានឱ្យដឹងថា ចំនួនសត្វខ្សឹបនៅកម្ពុជា ដែលត្រូវបានប៉ាន់ប្រមាណនៅក្នុងឆ្នាំ២០១៨ មានចំនួនប្រហែល ១០៤ក្បាល បន្ទាប់ពីការជំរឿនកាលពីឆ្នាំ២០០៧ មានចំនួនប្រមាណ ៣៧០ក្បាល ស្មើនឹង ៥៧.១៤ភាគរយ នៃចំនួនសរុបនៅលើពិភពលោក ហើយកម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសឥណ្ឌា នេប៉ាល់ និងបង់ក្លាដេស ដែលមានវត្តមានសត្វស្លាបប្រភេទនេះ នៅលើពិភពលោក។
បើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វខ្សឹបនៅកម្ពុជាច្រើនរស់នៅតំបន់បឹងទន្លេសាប និងអាចធ្វើការពងកូនម្តង បានចំនួនត្រឹមតែ២តែប៉ុណ្ណោះ ដែលកត្តានេះទាមទារការអភិរក្ស និងការពារពីការគំរាមគំហែងផ្សេងៗ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមគ្នាជាមួយក្រុមអង្គការអភិរក្សព្រៃឈើ និងសត្វព្រៃ បានសហការគ្នាគាំទ្រដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ចូលរួមការពារ និងអភិរក្សសត្វខ្សឹប តាមរយៈការពារទីជម្រក និងបញ្ឈប់ការបរបាញ់សត្វគ្រប់ប្រភេទ។
លោក ញ៉ឹប ញឿន អ្នកសម្របសម្រួលសហគមន៍ នៃគម្រោងអភិរក្សសត្វខ្សឹប របស់អង្គការ WCS បានឱ្យដឹងថា តំបន់ការពារទេសភាពនេះ ប្រជាពលរដ្ឋអាចទទួលប្រាក់ចំណូល ពីការយាមសំបុកសត្វខ្សឹប ដែលក្នុងមួយសំបុកៗ មានចំនួនទឹក៤០ដុល្លារ។
ក្រសួងបរិស្ថាន បានឱ្យដឹងថា តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប គ្របដណ្តប់លើផ្ទៃដីជាង ៣ម៉ឺនហិកតា (៣១.១៥៩ហិកតា) នៅក្នុងខេត្តកំពង់ធំ និងសៀមរាប ហើយក៏ជាទីជម្រកចុងក្រោយរបស់សត្វខ្សឹបនៅក្នុងប្រទេសកម្ពុជា។
ចាប់ពីឆ្នាំ២០០៥ ដល់ខែកក្កដា ឆ្នាំ២០០៦ មន្ត្រីរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរដែនដីខេត្តកំពង់ធំ និងខេត្តសៀមរាប បានសហការជាមួយអង្គការ WCS ក្នុងការសិក្សាអំពីសេដ្ឋកិច្ចសង្គម និងផលប៉ះពាល់ផ្សេងៗ ក្នុងតំបន់វាលស្មៅលិច ទឹកបឹងទន្លេសាប នៅក្នុងភូមិសាស្ត្រស្រុកសន្ទុក ស្រុកកំពង់ស្វាយ ស្រុកស្ទឹងសែន ស្រុកស្ទោង ស្រុក បារាយណ៍ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ និងស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីរៀបចំតំបន់វាលស្មៅមួយចំនួនជាតំបន់អភិរក្សសត្វខ្សឹប។
ដោយមើលឃើញពីសារសំខាន់របស់សត្វខ្សឹប ដែលជាប្រភេទជិតផុតពូជក្នុងពិភពលោក ទើបរដ្ឋបាលដែនដីខេត្តសៀមរាប និងខេត្តកំពង់ធំ បានចេញដីកាលេខ១៣៦ សសរ សៀមរាប ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០០៧ បើផ្ទៃដីទំហំ៤,៦៣៦ហិកតា និងដីកាលេខ ៦៤ដខ កំពង់ធំ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០០៨ លើផ្ទៃដីទំហំ ៣៤,១៣៩ហិកតា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈប្រកាសលេខ ០៦៤ ប្រក.កសក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១០ លើផ្ទៃដីទំហំ ៣១,១៥៩ហិកតា ដើម្បីធ្វើការគ្រប់គ្រង និងអភិរក្សសត្វខ្សឹប ប្រកបដោយប្រសិទ្ធភាព ក្នុងភូមិសាស្ត្រស្រុកស្ទោង ស្រុកបារាយណ៍ ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ ទំហំ២៦,៥២៣ហិកតា និងស្រុកជីក្រែង ខេត្តសៀមរាប ទំហំ៤៦.៣៦ហិកតា។
នៅឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានផ្ទេរតំបន់ការពារ និងតំបន់អភិរក្ស ចំនួន១៨កន្លែង ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកឱ្យក្រសួងបរិស្ថាន ជាអ្នកគ្រប់គ្រង។ ដើម្បីពង្រឹងការងារគ្រប់គ្រង និងការងារអភិរក្ស ក្រសួងបរិស្ថាន បានស្នើសុំទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំតំបន់អភិរក្សសត្វខ្សឹប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប ដោយអនុក្រឹត្យចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ លើផ្ទៃដីទំហំ៣១,១៥៩ហិកតា។
សូមបញ្ជាក់ផងដែរថា តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប គឺជាផ្នែកមួយនៃឋបនីយជីវៈមណ្ឌលបឹងសាបទន្លេសាប ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤០១/០៧០ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០០១។ ម្យ៉ាងទៀត តំបន់ឋបនីយជីវៈមណ្ឌលបឹងទន្លេសាប ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អង្គការយូណេស្កូ៕